ព័ត៌មានជាតិ

ចតម៉ូតូនៅមុខផ្ទះជួលមិនបានដកកូនសោចេញ ត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចយកទៅបាត់

កោះកុង: យោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៦និង០០នាទី មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង ដែលជនរងគ្រោះបានចតទុក នៅមុខផ្ទះជួលមិនបានដកកូនសោចេញ ទីតាំងស្ថិតនៅម្ដុំផ្ទះជួលតាទីត ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ជនសង្ស័យមានឈ្មោះ បុល លិក ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ន ស្នាក់នៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ បានលួចម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ មានស្លាកលេខកោះកុង 1C-4282 របស់ឈ្មោះ គង់ សុវណ្ណរាជ ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់ស្មាច់មានជ័យ ដែលចតនៅមុខផ្ទះជួលមិនបានដកសោពីម៉ូតូ ។

ករណីខាងលើនោះ ត្រូវកម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលក្រុង បានសហការជាមួយនឹងកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅម្ដុំការ៉ាស់សាំងផ្លូវបំបែក ក្នុងស្រុកស្រែអំបិល នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៣និង០០នាទី នឹងបានប្រគល់ឱ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីធ្វើតាមនីតិវិធីច្បាប់បន្ត ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ១គ្រឿងហុងដាឌ្រីមស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ មានស្លាកលេខកោះកុង 1C-4282 ៕

មតិយោបល់