បាត់ដំបងៈ យុវជនឈាមរាវ៤នាក់ ជាជាងជួសជុលរថយន្តនៅក្នុខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីពួកគេបានធ្វើដំណើរមកលេងខេត្តបាត់ដំបង ហើយបានយកកាំភ្លើងខ្លីមួយដើមផង មកបាញ់ស្តារកាណុងជាច្រើនគ្រាប់ នៅត្រង់ចំណុចភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក មួរ ឡាន អធិការរងនគរបាលស្រុកសង្កែបានបញ្ជាក់ថា យោងតាមសេចត្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះថា មានក្រុមក្មេងស្ទាវមួយក្រុមបាននាំគ្នាយកកាំភ្លើងខ្លីទៅបាញ់សាក និងស្តារកាណុងនៅវាលស្រែ អស់ជាច្រើនគ្រាប់ ទើបកម្លាំងរបស់លោកចុះទៅឃាត់ខ្លួនតែម្ដង។
លោកអធិការរងនគរបាលស្រុកសង្កែបានបន្តទៀតថា ជនសង្ស័យ ចំនួន៤នាក់នោះ ទី១.ឈ្មោះ សោម ភាព ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើ ដោយជននេះបានចេញទៅធ្វើការជាជាងជួសជុលរថយន្តនៅខេត្តកំពង់ស្ពឺ ហើយទើបមកលេងស្រុកដោយកយកាំភ្លើងខ្លីមួយដើមនេះ ដែលគេបានទិញពីអ្នកស្គាល់គ្នានៅ ខេត្តកំពង់ស្ពឺ។ ទី២.ឈ្មោះ ជុន សីហា ភេទប្រុស អាយុ២៨ឆ្នាំ ទី.៣ឈ្មោះ ផន សុភី ភេទប្រុស អាយុ១៨ឆ្នាំ និង៤ឈ្មោះ យិន រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំអ្នកទាំង៣នាក់ រស់នៅភូមិរំណេងប្រឃ្លុះ ឃុំព័រទេព ស្រុកច្បាមន ខេត្តកំពង់ស្ពឺ។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីមួយដើមធុន កា៥៤ បង់១ និងគ្រាប់ចំនួន១២គ្រាប់។ បច្ចុប្បន្នជនសង្ស័យទាំងអស់ សមត្ថកិច្ចកំពុងរៀបចំឯកសារ និងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត៕
មតិយោបល់