ភ្នំពេញៈ យុវជនម្នាក់ដើររកប្រពន្ធធ្វើការ នៅហាងមួយកន្លែង ដោយបានស្រែករឡូរឡា មួយសន្ទុះក្រោយមកក៏មានបុរសម្នាក់ ដើរចេញពីក្នុងហាង THE CONNER 136 ចេញមកសួរនាំយុវជននោះ ដោយខឹងស្រែករឡូរឡាពេក ក៏ដកកាំភ្លើងបាញ់គំរាមបុរសខាងលើ ចំនួន២គ្រាប់ បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមតែម្ដង រួចឡើងម៉ូតូជិះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកើតទ្បើងនៅមុខហាង The Coner 136 ប្លុក Bar បារាំង តាមបណ្ដោយផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤និង៤០នាទីទាបភ្លឺឈានចូលថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨នេះ។
ជនរងគ្រោះឈ្មោះ ឈាវ វណ្ណា អាយុ២៤ឆ្នាំ មុខរបរកឹបសំបុត្រម៉ូតូ ស្នាក់នៅក្បែរកន្លែងកើតហេតុ។
តាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានយុវជនម្នាក់ ដើរសួររកប្រពន្ធដែលធ្វើការហាងមួយកន្លែង ជិតចំណុចកើតហេតុ ដោយបានស្រែករឡូរឡារ មួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់បានដើរចេញពីក្នុងហាង THE CONNER 136 មកសួរនាំគាត់ ហើយគាត់បានឆ្លើយថា ខ្ញុំមករកប្រពន្ធ តែរកមិនទាន់ឃើញទេ ហើយជនរងគ្រោះ ក៏សួរបុរសរូបនោះ មានឃើញប្រពន្ធគាត់អត់ ស្រាប់តែបុរសរូបនោះ ដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះ បាញ់ឡើងលើមួយគ្រាប់ ដើម្បីគំរាមជនរងគ្រោះ តែជនរងគ្រោះស្រែកថា ថីបានបងឯងបាញ់ខ្ញុំ? ខ្ញុំមករកប្រពន្ធខ្ញុំទេ ភ្លាមនោះបុរសរូបនោះ ក៏បានបាញ់មួយគ្រាប់ទៀត ដើម្បីគំរាមជនរងគ្រោះ រួចឡើងជិះម៉ូតូមួយគ្រឿង ម៉ាក SL ពាក់ស្លាកលេខភ្នំពេញ 1J-2713 ចេញទៅបាត់ បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមតែម្ដង។
ករណីផ្ទុះអាវុធខាងលើនេះ ក្រោយកើតហេតុ បានរកឃើញសំបកគ្រាប់ចំនួន២គ្រាប់ពិតប្រាកដមែន តែកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី១ មិនព្រមឲ្យក្រុមអ្នកសារព័ត៌មាន ធ្វើការសាកសួរនោះទេ ដោយមន្ត្រីនគរបាលមួយរូប បានអះអាងថា អត់មានផ្ទុះអាវុធនោះទេ គ្រាន់ជាករណីប្ដីឈ្លោះគ្នាជាមួយប្រពន្ធសោះ ចាំបាច់សួរនាំអីច្រើនទេ រួចក៏នាំជនរងគ្រោះ ចូលក្នុងប៉ុស្តិ៍បាត់ទៅ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ និងអ្នកឃើញហេតុការណ៍ផ្ទាល់ជាច្រើនថា បានឃើញបុរសម្នាក់ ដែលជិះម៉ូតូ ម៉ាក SL ពាក់ស្លាកលេខភ្នំពេញ 1J-2713 នោះជាអ្នកបាញ់ពិតប្រាកដមែន ហើយក៏ធ្លាក់សំបកគ្រាប់ នៅទីនោះតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ច បានត្រឹមតែប្រមូលគ្នា ទៅហិតក្លិនរំសេវ និងយកសំបកគ្រាប់ រួចក៏ឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ប៉ុណ្ណោះ៕
មតិយោបល់