ដើម្បីសម្រកទម្ងន់ឲ្យឆាប់ដូចបំណង មនុស្សភាគច្រើនតែងតែទម្លាប់ បង្អត់អាហារខ្លួនឯង ដោយមិនបានប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ ឲ្យបានត្រឹមត្រូវឡើយ។ អ្នកត្រូវចាំថា រាងកាយត្រូវការអាហាររាល់ថ្ងៃដើម្បីទ្រទ្រង់រាងកាយ តែប្រសិនបើអ្នកមិនញ៉ាំអាហារ សរីរាង្គទាំងអស់ នឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ឬអាចបង្កទៅជាជំងឺផ្សេងៗ។
ខាងក្រោមនេះ គឺជាផលប៉ះពាល់ដែលបណ្តោលមកពីការសម្រកទម្ងន់លឿនពេក៖
ខូចប្រព័ន្ធរំលាយអាហារ
នៅពេលដែលរាងកាយមិនទទួលបានអាហារបំប៉នគ្រប់គ្រាន់ ប្រព័ន្ធរំលាយអាហារនឹងដំណើរការយឺត។ មិនតែប៉ុណ្ណោះ ក្រពះរបស់អ្នកច្បាស់ជាប្រឈមនឹងគ្រោះថ្នាក់ ដោយសារតែគ្មានអាហារកិន ហើយជាតិអាស៊ីតនឹងបំផ្លាញភ្នាសរបស់ក្រពះ បន្តិចម្តងៗ រហូតបង្កទៅជាជំងឺផ្សេងៗ។
កង្វះអាហារូបត្ថម្ភ
វីតាមីន និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ត្រូវបានទាញចេញពីរបបអាហារផ្សេងៗ ដែលយើងទទួលទាន ប៉ុន្តែនៅពេលដែលអ្នកបង្អត់អាហារ រាងកាយនឹងខ្វះអាហារូបត្ថម្ភ។ កត្តាមួយនេះធ្វើឲ្យអ្នកត្រូវប្រឈមនឹងជំងឺពុកឆ្អឹង ព្រមទាំងភាពស្លេកស្លាំងផងដែរ។
អស់កម្លាំង
ការតមអាហារ ធ្វើឲ្យរាងកាយមិនអាចទទួលបានថាមពលគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់រាងកាយបាននោះទេ ហើយនេះជាមូលហេតុដែលបណ្តោលឲ្យប្រព័ន្ធប្រតិបត្តិដំណើរការយឺត និងអស់កម្លាំង។
គេងមិនលក់
នៅពេលដែលអត់មានអាហារចូលពោះ ក្រពះនឹងចាប់ផ្តើមកូរ ឬរមូល ដែលធ្វើឲ្យអ្នកចេះតែមានអារម្មណ៍ឈឺនៅក្នុងពោះ ដូច្នេះអ្នកច្បាស់ជាគេងមិនបានសុខស្រួលនោះឡើយ។
ខ្វះជាតិទឹក
នេះ គឺជាជំងឺធម្មតាមួយ ចំពោះអ្នកដែលមិនបានបំពេញរបបអាហារដល់រាងកាយឲ្យបានគ្រប់គ្រាន់។ នៅពេលដែលអ្នកតមអាហារ រាងកាយនឹងបាត់បង់សារធាតុរាវ ដែលនាំឲ្យខ្វះជាតិទឹក។
បាត់បង់សាច់ដុំ
ដើម្បីការលូតលាស់បានល្អ សាច់ដុំ ត្រូវការ ប្រូតេអ៊ីន ឬសារធាតុចិញ្ចឹម ជាចាំបាច់ ក៏ប៉ុន្តែប្រសិនបើអ្នកតមអាហារ សាច់ដុំ នឹងមានភាពរួញស្វិត គ្មានកម្លាំងឡើយ។
ស្បែកស្ងួត
ផលប៉ះពាល់មួយទៀត នៃការតមអាហាររាល់ថ្ងៃ គឺស្បែករបស់អ្នកប្រែក្លាយទៅជាស្ងួត ហើយរបក ដោយសារតែខ្វះជាតិសំណើម។
សក់ជ្រុះ និងផុយស្រួយ
សក់របស់អ្នក ក៏រងនូវផលប៉ះពាល់ដោយសារតែរបបអាហារដែរ ព្រោះសក់ត្រូវការប្រូតេអ៊ីន ដើម្បីជំរុញដល់ការលូតលាស់ ក៏ប៉ុន្តែប្រសិនបើអ្នកមិនបានទទួលទានអាហារដែលសម្បូរប្រូតេអ៊ីនគ្រប់គ្រាន់ទេនោះ វាមានភាពផុយស្រួល ហើយជ្រុះថែមទៀត។
ជម្រើសដ៏ល្អបំផុត មុននឹងសម្រេចចិត្តធ្វើការសម្រកទម្ងន់ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញឲ្យបានច្បាស់ ដើម្បីទទួលបានការណែនាំពីការកំណត់របបអាហារ ដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាព៕
ដកស្រង់ពី៖ soha
មតិយោបល់