ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្ដេ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានយាងបើកទិវាជាតិវិទ្យាសាស្ត្រប្រព័ន្ធប្រសាទលើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែត នារាជធានីភ្នំពេញ។
ក្នុងឱកាសនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទូលថ្វាយព្រះមហាក្សត្រថា កន្លងមកមានអ្នកជំងឺពិការមួយចំហៀងខ្លួនប្រមាណជាង២២០០០នាក់ អ្នកជំងឺមានដុំពកក្នុងខួរក្បាល៣០០០នាក់ និងអ្នកជំងឺមានបញ្ហាគាបសសៃឈាម ដោយលៀនទ្រនាប់ឆ្អឹងខ្នងចំនួន១២០០០នាក់។ មិនតែប៉ុណ្ណោះ ក៏មានគ្រោះថ្នាក់ដូចជាប៉ះទង្គិចក្បាលលើមនុស្សធំ និងកុមារ ដែលជាករណីសង្រ្គោះបន្ទាន់ញឹកញាប់នៅមន្ទីរពេទ្យកាល់ម៉ែត មានយ៉ាងច្រើនលើសលប់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងទៀតថា ជំងឺប្រព័ន្ធប្រសាទខួរឆ្អឹងខ្នង ឬខួរក្បាល ដែលកើតមានលើកុមាររាប់ពាន់នាក់ នាំឲ្យពួកគេពិការ និងក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់គ្រួសារ និងសង្គមជាតិ ប្រសិនបើមិនមានការព្យាបាលដល់ពួកគេនោះ។ ដោយពិនិត្យឃើញពីករណីធ្ងន់ធ្ងរខាងលើ ក្រសួងសុខាភិបាល បានបន្តគាំទ្រឲ្យមន្ទីរពេទ្យកាល់ម៉ែត រួមសហការយ៉ាងជិតស្និទជាមួយសាស្ត្រាចារ្យជំនាញឯកទេសប្រព័ន្ធប្រសាទបារាំង ធ្វើការទទួលពិនិត្យព្យាបាលលើគ្រប់ប្រភេទជំងឺ ដែលពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ ដោយបច្ចេកទេសវិទ្យាកម្រិតខ្ពស់ ទាំងការវះកាត់ ទាំងការពិនិត្យតាមដានក្រោយការវះកាត់ តាមកម្រិតស្តង់ដារអន្តរជាតិ នៅក្នុងអគារដែលមានបំពាក់គ្រឿងសង្ហារឹម សម្ភារៈបរិក្ខារពេទ្យទំនើបៗ លំដាប់ខ្ពស់នៅតាមបន្ទប់នានាសុទ្ធតែអាចធានា និងឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពនូវប្រភេទជំងឺ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ធនធានមនុស្សជំនាញឯកទេស ផ្នែកប្រព័ន្ធប្រាសាទ ក៏ត្រូវបានទទួលការបណ្តុះបណ្តាលបន្ថែមនៅក្រៅប្រទេស ពិសេសនៅមន្ទីរពេទ្យធំៗនៅប្រទេសបារាំង ដែលមានសាស្ត្រាចារ្យវេជ្ជបណ្ឌិតប្រកបដោយបទពិសោធន៍បានផ្តល់នូវសេវាប្រកបដោយភាពកក់ក្តៅ ជំនឿទុកចិត្ត និងប្រសិទ្ធភាពកម្រិតអន្តរជាតិដល់គ្រប់អ្នកជំងឺ។
លោក ម៉ម ប៊ុនហេង បញ្ជាក់ផងដែរថា អគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យកាល់ម៉ែត ចាប់តាំងពីថ្ងៃនៃព្រះរាជពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការមកដល់បច្ចុប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត មានបុគ្គលិកសរុបចំនួន១២៤២នាក់ ក្នុងនោះមានសាស្ត្រាចារ្យ៤១នាក់ វេជ្ជបណ្ឌិតឯកទេស១២១នាក់ និងបុគ្គលិកផ្សេងៗចំនួន៣៩០នាក់ ដែលក្នុងផ្នែកប្រព័ន្ធប្រសាទនេះ ផ្ទាល់មានបុគ្គលិកចំនួន៣៩០នាក់៕
មតិយោបល់