ព័ត៌មានជាតិ

រថយន្តពីរគ្រឿងពន្លះគ្នា របួសធ្ង​ន់ស្រាល ៥ នាក់

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៧ និង ២០នាទីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្ត បុកនឹងរថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាល ៥ នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាក ISUZU ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ.ព ២G-៥៥៧០ បើកបរដោយឈ្មោះ សេង សុភ័ក្រ្តា ភេទស្រី អាយុ ៣២ឆ្នាំ នៅសង្កាត់ស្លក្រាម ក្រុងសៀម ខេត្តសៀមរាប និងអ្នករួមដំណើរចំនួន២នាក់ ទី១.ឈ្មោះ ស្រេង ស្រីធី ភេទស្រី អាយុ ២៧ឆ្នាំ នៅភូមិជាមួយគ្នា និង២.ឈ្មោះ នៅ ណី ភេទប្រុស អាយុ ៤៦ឆ្នាំ នៅខេត្តឧត្តមានជ័យ បើកបរមកពីទិសខាងលិច មកទិសខាងកើត មកដល់ចំណុចកើត ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក LEXUS XR300 ពណ៌ស ពាក់ស្លាកលេខ ភ.ព ២A-G៦៣៧៥ បើកបរដោយឈ្មោះ ខាន់ ដាវី ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិបាលិលេយ្យ២ ក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ បើកបរមកពីទិសខាងកើត មកទិសខាងលិច បានរេចង្កូតមកខាងឆ្វេងដៃ ទៅបុកនឹងរថយន្ត ដែលកំពុងបើកបរមកពីទិសផ្ទុយគ្នា ចំពីមុខពេញមួយទំហឹង។

ករណីនេះ បានបណ្តាលឲ្យអ្នកបើកបររថយន្ត ISUZU រងរបួសធ្ងន់ រីឯអ្នកបើកបររថយន្ត LEXUS រងរបួសស្រាល និង
អ្នករួមដំណើរឈ្មោះ ស្រេង ស្រីធី រងរបួសធ្ងន់ និង៣នាក់ទៀត រងរបួសស្រាល ។

ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។ ចំណែករថយន្ត ត្រូវបានអធិការនគបាលស្រុក យកទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់