ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! ក្មេងស្រី ៣ នាក់ លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យ: កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ មានករណីក្មេងលង់ទឹកស្លាប់ចំនួន ៣នាក់ នៅចំណុចស្រែប្រាំង ខាងកើតដូនខៀវ ចម្ងាយប្រហែល១គីឡូម៉ែត្រ ខាងត្បូងភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។

ប្រភពពីប្រពលរដ្ឋបានឲ្យដឹងថា ឈ្មោះ ហៀត ស៊ីយឿត និងប្រពន្ធឈ្មោះ ម៉ូវ ឡយ និងក្មេងៗ នៅភូមិកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅលេងកន្លែងស្រែប្រាំង នៅចំណុចកើតហេតុ ខណ:ដែលឪពុកម្តាយ កំពុងរៀបចំធ្វើម្ហូបហូបបាយ នៅម៉ោងប្រហែល១ រសៀល មានក្មេងដែលទៅជាមួយមកប្រាប់ថា បាត់ប្អូន ពេលនោះពីរប្រពន្ធប្ដីក៏បាននាំគ្នា ដើរកឃើញស្បែកជើងនៅមាត់ស្រះ មានការសង្ស័យ ទើបនាំគ្នាចុះមុជទឹកក្នុងស្រះជម្រៅ២ ម៉ែត្រ បានប្រទះឃើញក្មេងចំនួន ៣នាក់លង់ស្លាប់បាត់ទៅហើយ។

ជនរងគ្រោះទី១.ឈ្មោះ ម៉ូវ ជីមឡាយ ភេទស្រី អាយុ១២ឆ្នាំ (ឪពុកម្តាយខាងលើ) ទី២.ឈ្មោះ មឿត លីរីយ៉ា ភេទស្រី អាយុ១០ឆ្នាំ និងម្នាក់ទៀត ឈ្មោះមឿត សូនីតា ភេទស្រីអាយុ៥ឆ្នាំ (ឪពុកឈ្មោះ ម៉ូវ សំនាង ម្តាយឈ្មោះ ហៀត ដាវី មិនបានទៅជាមួយទេ) ។

ជនរងគ្រោះត្រូវបានស្រង់មកលើគោក ដើម្បីជួយសង្ក្រោះ បន្ទាប់មកបានដឹកទៅមន្ទីរពេទ្យស្រុកព្រះនេត្រព្រះ តែពេទ្យបានប្រាប់ថា ក្មេងៗនេះ បានស្លាប់បាត់បង់ជីវិតទៅហើយ ។

បច្ចុប្បន្នសពក្មេងទាំង៣នាក់ ត្រូវបានឪពុកម្តាយ ដឹកយកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់