ព័ត៌មានជាតិ

រថយន្ត ពន្លះម៉ូតូមួយគ្រឿង ស្លាប់ និងរបួស ៣នាក់ នៅតាកែវ

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តប៉ះគ្នាជាមួយនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ៣ នាក់ ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៧ និង២០នាទីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រ១០-១១ ក្នុងភូមិព្រៃតាឡី ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។

រថយន្តម៉ាក តូយ៉ូតាកាមរីហើម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2A-9436 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងលិច មកដល់ចំណុចកើតហេតុ បានបុកគ្នាជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដា ហ៊្សូមើអិច ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ តាកែវ 1O-1816 បើកបរដោយឈ្មោះ គួន តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស នៅភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) មានឌុបមនុស្សពីរនាក់ពីក្រោយ៖ ទី១ឈ្មោះ គិន ស្រីមុំ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) និងទី២ឈ្មោះ ហ៊ូ ចន្ធូ ភេទស្រី អាយុ១១ឆ្នាំ មុខរបរសិស្ស នៅភូមិឃុំជាមួយគ្នានឹងអ្នកស្លាប់ (រងរបួសស្រាល) ដែលបើកបរមកពីទិសខាងកើត ដោយជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះមកដល់ រួចបានធ្វើការវាស់វែង និងកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ចំណែកសាកសព ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់