ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-8858 ប៉ះគ្នាជាមួយម៉ូតូ១គ្រឿង របួសធ្ងន់ ២នាក់

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ ២នាក់ ដែលកើតហេតុ កាលពីវេលាម៉ោង៤ និង២៥នាទីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៨៤-៨៥ ក្នុងភូមិត្មាតពង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។

រថយន្តម៉ាក តូយ៉ូតាហ៊ីលុចវីហ្គូ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-8858 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងលិច បត់ឆ្វេងទៅទិសខាងត្បូង ចូលតាមផ្លូវក្រាលគ្រួសក្រហម នៅពេលកំពុងបត់ ក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-7178 បើកបរដោយឈ្មោះ ពៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត (រងរបួសធ្ងន់) មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ កាន សុខា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិត នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងកើត។ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ។

ក្រោយកើតហេតុសម្ថតកិច្ចបានមកដល់ និងចុះធ្វើការវាស់វែង រួចកសាងសំណុំរឿង ទៅតាមនីតិវិធីនៃច្បាប់ រីឯវត្ថុតាងរថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់