ព័ត៌មានជាតិ

នារីស្អាតបើករថយន្តទំនើប​ SIENNA យ៉ាងលឿន បុករថយន្ត Mazda CX-5 ពេញទំហឹង ផ្អើលពេញមុខផ្សារទំនើប​សូរិយា​!

​ភ្នំពេញ: ​នារីរូបស្រស់ស្អាតម្នាក់ បានបើកបររថយន្តស៊េរីទំនើប ក្នុងល្បឿនយ៉ាងលឿន ទៅបុកជាមួយនឹងរថយន្តមួយគ្រឿង​ទៀត ដែលកំពុងបើកលឿនដូចគ្នាពេញទំហឹង បណ្ដាលឲ្យខ្ទេចរថយន្តទាំងសងខាង។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ​​កើតឡើង​វេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃអាទិត្យ​ ទី១៥ ខែមេសាឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្លូវបំបែកជាបួន មុខ​បណ្ណាគារ​ ហៀ សៀវខេង ម្ដុំផ្សាទំនើបសូរិយា តាមបណ្តោយផ្លូវ​ត្រសក់ផ្អែម(ផ្លូវលេខ៦៣) កែងផ្លូវ​លេខ១៥៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ​គេឃើញមានរថយន្តស៊េរីទំនើប​មួយគ្រឿង​ ម៉ាក​ SIENNA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT-8299 បើកបរដោយនារីម្នាក់ ធ្វើដំណើរ​ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ មុខ​បណ្ណាគារ​ ហៀ សៀវខេង ដែលជាចំណុចផ្លូវបែកជាបួននោះ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយយគ្រឿងទៀត ម៉ាក Mazda CX5 ពាក់ស្លាកលេខភ្នំពេញ​ 2AJ-0133 ធ្វើដំណើរតាមផ្លូវលេខ៦៣ ពីត្បូងទៅជើង​ ក្នុងល្បឿនយ៉ាងលឿន​ដូចគ្នា បានទៅបុកគ្នាពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្ត SIENNA ខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែករថយន្ត Mazda រងការខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌដូនពេញ ដែលនៅកន្លែងកើតហេតុ បានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តទាំងពីរ ធ្វើករដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់