ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ១គ្រឿង បើកបុកក្មេងប្រុសម្នាក់ កំពុងឆ្លងផ្លូវ អូសប្រហែល ៣០ ម៉ែត្រ ស្លាប់ភ្លាមៗ..

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូមួយគ្រឿង បានបើកបុកក្មេងប្រុសម្នាក់ កំពុងដើរឆ្លងផ្លូវអូសជិត៣០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ដែលហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១៦ ល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ លើកំណាត់ផ្លូវលំ ស្ថិតនៅក្នុងភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-3841 បើកបរដោយឈ្មោះ ធី វ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែមានក្មេងប្រុសម្នាក់ ដើរឆ្លងផ្លូវ បានបុកអូសក្មេងប្រុសពីក្រោមម៉ូតូប្រហែល៣០ម៉ែត្រ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្មេងប្រុសរងគ្រោះ ឈ្មោះ ថា ថេនា ភេទប្រុស អាយុ១ឆ្នាំ ១០ខែ មានទីលំនៅភូមិឃុំកើតហេតុ។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញស្រុក បានចុះទៅដល់កន្លែង រួចធ្វើការវាស់វែង និងដកហូតវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកជនបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធីច្បាប់។ រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់