ព័ត៌មានជាតិ

ប្រទះឃើញរថយន្តមួយគ្រឿង ត្រូវគេយកមកចតចោលជិត១០ថ្ងៃ ​នៅខណ្ឌសែនសុខ

ភ្នំពេញ: រថយន្តមួយគ្រឿងជាប្រភេទរថយន្តដឹកទំនិញ ត្រូវប្រជាពលរដ្ឋប្រទះឃើញយកមកចតចោលតាំងពីមុនបុណ្យចូលឆ្នាំខ្មែរមកម្ល៉េះមិនឃើញម្ចាស់មកយកវិញទេ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានមកពិនិត្យ។
ហេតុការណ៍នេះត្រូវគេប្រទះឃើញកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅមុខផ្ទះល្វែងសង់ថ្មី ផ្លូវ១០១១ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តដែលយកមកផ្លុងចោលខាងលើម៉ាក SOJEN ពណ៌ស គេដោះស្លាកលេខចេញ ប្រភេទដឹកទំនិញទម្ងន់មួយតោនមានក្លុបពីក្រោយជិត។

សមត្ថកិច្ចបានប្រាប់ថាកាលពីព្រឹកភ្ញាល់ផ្អើលរឿងខាងលើគឺមានប្រជាពលរដ្ឋរាយការណ៍មកប្រាប់ថាប្រទះឃើញរថយន្តខាងលើត្រូវបានគេបើកយកមកទុកចោលតាំងពីមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកម្ល៉េះមិនឃើញមកយកវិញទេ ដោយខ្លាចរថយន្តខាងលើមានពាក់ព័ន្ធនិងបទល្មើសទើបរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យតែម្តង។

សមត្ថកិច្ចបានប្រាប់ទៀតថាក្រោយពីសមត្ថកិច្ចចុះពិនិត្យរថយន្តខាងលើនេះឃើញថាស្លាកលេខរថយន្តត្រូវបានគេដោះចេញចំណែកឡូហ្គោលជុំវិញរថយន្តក៏គេហែកចេញទាំងអស់ដោយសង្ស័យពាក់ព័ន្ធបទល្មើសទើបបានរាយការណ៍បន្តទៅលោកវរ:សេនីយឯក ហួរ ម៉េងវ៉ាង អធិការនគរបាលសែនសុខ ទើបលោកបញ្ជាឲ្យនាំរថយន្តខាងលើយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បណ្តោះអាសន្នសិនដោយ
រង់ចាំធ្វើការស្រាវជ្រាវរកម្ចាស់ពេលក្រោយ៕

មតិយោបល់