បន្ទាយមានជ័យៈ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១និង៤០នាទី នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួចម៉ូតូ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វុទី្ធ ស្រីនិត ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូផារ៉ាម៉ិច មានទៅលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាក ZOOMER-X ទៅធ្វើការនៅកាស៊ីណូ និងបានយកម៉ូតូទៅផ្ញើនៅកន្លែងផ្ញើម៉ូតូក្នុងកាស៊ីណូដូចធម្មតា លុះពេលចេញពីធ្វើការវិញមករកម៉ូតូ ស្រាប់តែបាត់រកមិនឃើញ ខ្លួនក៏បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានធ្វើការស៊ើបសួរ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ទើបកំណត់បានមុខសញ្ញាជនសង្ស័យ ហើយកោះហៅជនសង្ស័យមកសាកសួរ ។
បន្ទាប់ពីធ្វើការសាកសួរ អាចកំណត់មុខសញ្ញាជនសង្ស័យបានយ៉ាងជាក់លាក់ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមមាន៖
១-ឈ្មោះ ទៀក ធី ភេទ ប្រុស អាយុ ៤៨ឆ្នាំ មុខរបរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ២-ឈ្មោះ សុខ សាន ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ នៅថ្ងៃកើតហេតុ ពួកខ្លួនបានចូលទៅលែងល្បែងនៅក្នុងកាស៊ីណូផារ៉ាម៉ិច លុះដល់លេងចាញ់អស់ប្រាក់ក៏បែកគំនិតលួចយកម៉ូតូ ដែលមាននៅកន្លែងផ្ញើម៉ូតូ របស់កាស៊ីណូ ហើយពួកខ្លួនបានយកកូនសោរមួយ ដើរចាក់គ្រប់ម៉ូតូ ក៏ត្រូវជាមួយម៉ូតូ ១គ្រឿងម៉ាក ZOOMER-X ហើយពួកខ្លួនក៏ជិះចេញយកទៅដាក់បញ្ចាំក្នុងតម្លៃ ១០,០០០បាត(មួយម៉ឺនបាត) ដើម្បីយកលុយទៅលេងល្បែងបន្តទៀត។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងសាក្សី ឃើញថា មានតម្រុយពិរុទ្ធភាព នៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ លួច(ម៉ូតូ) ។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី រីឯម៉ូតូ កម្លាំងជំនាញបានប្រគល់ជូនម្ចាស់ដើមវិញ៕
មតិយោបល់