កណ្តាលៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានក្មេងអាយុ១ខួបជាងម្នាក់ បានលង់ទឹកពាងស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្នុងទឹកពាង ក្នុងភូមិកណ្ដាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល។
សពក្មេងតូចខាងលើមានឈ្មោះ ឆាលី ឧត្តម ភេទប្រុស អាយុ១ឆ្នាំ២ខែ មានឪពុកឈ្មោះអាត ឆាលី អាយុ២៥ឆ្នាំ មុខរបរកសិករ និងម្ដាយឈ្មោះវ៉ា ស្រីណេ អាយុ ២៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុ ម្ដាយទៅធ្វើការដោយទុកកូនឲ្យជីដូនមើល ដោយពេលនោះក្មេងរងគ្រោះលេងជាមួយក្មេងៗ ដែលជាចៅផ្សេងទៀតនៅមុខផ្ទះដោយមានពាងទឹក៤ទៅ៥នៅទីនោះ។ ចំណែកជីដូនជាប់រវល់ចងបន្លែ នៅក្រោមផ្ទះ ភ្លេចមើលចៅ។ លុះដល់ម៉ោង ៩និង១៥នាទី ទើបជីដូនទៅរកចៅដើម្បីបញ្ចុកបាយឲ្យដេក ក៏ដើររកចៅឃើញនៅក្នុងពាងទឹកឈ្លក់ទឹកស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់