ហ្គាហ្សាៈ កងកម្លាំងអ៊ីស្រាអែល នៅថ្ងៃសុក្រនេះ បានទម្លាក់ខិត្តប័ណ្ណនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីព្រមានដល់ប្រជាជនប៉ាឡេស្ទីន មិនឲ្យចូលទៅក្បែររបងព្រំដែនខ្លួនទ្បើយ ខណៈដែលយោធាអ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប៉ះទង្គិចគ្នាជាថ្មី តាមតំបន់ព្រំដែន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។
ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ ត្រូវបានគេរំពឹងទុកថា នឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅតាមព្រំដែនរវាងអ៊ីស្រាអែល និងហ្គាហ្សា ខណៈដែលសកម្មភាពនេះ ក៏ធ្លាប់កើតមានកន្លងមកហើយ ដែលវាបានប្រែទៅជាអំពើហិង្សា រហូតដល់ជនជាតិប៉ាឡេស្ទីន ៣១នាក់ត្រូវបានសម្លាប់ និងរាប់រយនាក់ទៀតរងរបួស ដោយសារការបង្រ្កាបរបស់កងកម្លាំងអ៊ីស្រាអែល។
នៅក្នុងការធ្វើបាតុកម្មរាល់ដង ពលរដ្ឋប៉ាទ្បេស្ទីនខ្លះ បានបោះថ្ម និងដុតសំបកកង់នៅក្បែររបងព្រំដែន ដែលមានក្រុមកងកម្លាំងអ៊ីស្រាអែល ត្រូវបានដាក់ពង្រាយនៅទីតាំងនោះ។ ដោយពួកទាហានអ៊ីស្រាអែល ក៏បានធ្វើការឆ្លើយតបទៅវិញ ជាមួយការបាញ់ប្រហារទៅលើអ្នក ដែលចូលមកជិតរបងព្រំដែនខ្លួនផងដែរ៕
មតិយោបល់