ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវគេគាបស៊ីរហូតយកម៉ូតូ១គ្រឿងទៅបញ្ចាំ!

ភ្នំពេញៈ បុរសម្នាក់ខណៈកំពុងអង្គុយចាំមេនាំទៅធ្វើការស្រាប់ តែមានជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងទៅដល់បានសួរនាំរួចបបួលទៅធ្វើការជាមួយ។ បន្ទាប់មកបាននាំលេងបុកប៊ីយ៉ាដោយមុនដំបូងលេងត្រឹម១ដៃ១ពាន់រៀលប៉ុណ្ណោះ លុះក្រោយមកបានឡើងដល់១ដៃ១០០ដុល្លារ រ រហូតចាញ់អស់ចិញ្ចៀននិងទូរស័ព្ទទើបជនសង្ស័យទាំង២នាក់បានល្បួងបង្ខំឲ្យជនរងគ្រោះយកម៉ូតូ១គ្រឿងទៅដាក់បញ្ចាំបានលុយ៦៦០ដុល្លារហើយជនសង្ស័យម្នាក់បានយកលុយគេចខ្លួនបាត់ នៅសល់ម្នាក់ទៀតប្រុងរត់គេចខ្លួនដែរតែរត់មិនរួចក៏ត្រូវបានជនរងគ្រោះចាប់ខ្លួនប្រគល់ឲ្យនគរបាលចាត់ការតែម្ដង។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅកន្លងែងបុកប៊ីយ៉ា ស្ថិតនៅក្នុងផ្សារវិនមីង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ថា វន្នី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត នៅក្នុងភូមិជម្ពូ ឃុំចក ស្រុកអូរាំងអូវ ខេត្តត្បូងឃ្មុំ។ ចំណែកជនសង្ស័យត្រូវបានស្គាល់ម្នាក់ឈ្មោះសុខ សាអ៊ែល អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកអុង ឃុំស្វាយយារ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១។ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលដោយនាំយកលុយដែលជនរងគ្រោះបញ្ចាំម៉ូតូទៅជាមួយផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយចាំមេមកយកទៅធ្វើការ លុះបន្តិចក្រោយមកស្រាប់តែលេចមុខជនសង្ស័យ២នាក់ទៅដល់។ពេលនោះបានសួរនាំនិងទំនាក់ទំនងគ្នា ដោយជនសង្ស័យបានប្រើល្បិចបបួលជនរងគ្រោះទៅធ្វើការជាមួយដោយប្រាប់ថាបានប្រាក់ឈ្នួលក្នុង១ថ្ងៃ៥ម៉ឺនរៀល។ បន្ទាប់ពីឮបែបនេះជនរងគ្រោះអរណាស់ព្រោះការងារមានប្រាក់ខែច្រើនបែបនេះ ហើយក៏បានយលព្រមទៅជាមួយជនសង្ស័យ។

ប្រភពដដែលបានបន្តទៀតថា ពេលនោះជនសង្ស័យបាននាំជនរងគ្រោះទៅអង្គុយផឹកកាហ្វេនៅកន្លែងបុកប៊ីយ៉ាខាងលើ។ បន្ទាប់មកបានល្បួងឲ្យលេងដោយមុនដំបូងដាក់១ដៃត្រឹម១ពាន់រៀលប៉ុណ្ណោះ លុះយូរៗទៅ១ម៉ឺនរៀល ហើយជនរងគ្រោះបានលេងឈ្នះរហូត លុះបន្ទាប់មកទៀតបានឡើងដល់១០០ដុល្លារក្នុង១ដៃទើបរូបគេចាញ់រហូតអស់ចំនួ៧០០ដុល្លារ ចិញ្ចៀន១វង់និងទូរស័ព្ទដៃ១គ្រឿង ពេលនោះជនសង្ស័យបាននាំរូបគេយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ១គ្រឿងទៅបញ្ចាំម្ដុំសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក បានលុយ៦៦០ដុល្លារ។ បន្ទាប់មកជនសង្ស័យម្នាក់បានយកលុយនោះគេចខ្លួនបាត់នៅសល់ម្នាក់ទៀតប្រុងគេចខ្លួនតែត្រូវជនរងគ្រោះភ្ញាក់ខ្លួនទាន់ចាប់ខ្លួនប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង៕

មតិយោបល់