ព័ត៌មានជាតិ

នារីរូបស្រស់៣នាក់ បើករថយន្តរថយន្តស៊េរីទំនើបស្លាកលេខ ភ្នំពេញ 2AR-5052 គេចពីម៉ូតូទៅបុកទ្រូងផ្លូវ!

ភ្នំពេញ: នារីវ័យក្មេងរូបស្រស់សោភាម្នាក់ រួមដំណើរនិងមិត្តស្រី២នាក់ទៀត បើករថយន្តឡិចសុីសស៊េរីទំនើប មួយគ្រឿង គេចពីម៉ូតូជ្រុលចង្កូតទៅ ពន្លះក្បាលនាគចែកទ្រូងផ្លូវប៉ើងអស់មួយកង់ បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ កង់ខាងឆ្វេង ទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសន្ធរម៉ុក តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡិចសុីស RX៣៥០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-5052 បើកបរដោយនារីរូបស្រស់សោភាម្នាក់ រួមដំណើរនិងមិត្តស្រីរូបស្រស់២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហតុកែងនឹងផ្លូវម៉ៅសេទុង បានគេចពីម៉ូតូមួយគ្រឿងបើកនៅខាងមុខ មកខាងឆ្វេងដៃបានជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវប៉ើងជាង១ម៉ែត្រ ចេញពីកន្លែងដើម។ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជាង១០ម៉ែត្រ ខ្ទេចកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។ សំណាងល្អមិនឲ្យមានអ្នករងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យ និងបានឃាត់ខ្លួនម្ចាស់រថយន្តបង្កនៅនឹងកន្លែងកើតហេតុផងដែរ។ ដោយសមត្ថកិច្ចបានពិនិត្យមើលមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ទើបសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញ។ ចំណែករថយន្តបង្កសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់