ពិតជាកម្សត់ខ្លាំងណាស់ ដែលតារាសម្ដែងរក្សា ដែលត្រូវគេដឹងថាមានជំងឺធ្ងន់ធ្ងរ ដល់ថ្នាក់ជ្រុះសក់រួចម្ដង ហើយទើបតែបានធូរស្បើយក្រោយពីបានថ្នាំអ្នកនាង ស្វែង សុជាតា នោះ ពេលនេះបានទម្លាយអោយដឹងថាកញ្ញានឹងប្រឈមអស់ផ្ទះមួយកន្លែងនៅម្ដុំវត្តអង្គតាមិញ ក្នុងពេលដ៏ខ្លីនេះហើយ ដោយសារតែខ្លួនក៏មានជំងឺធ្ងន់ធ្ងរ ហើយឪពុករបស់លោកដែលជាមេបង្គោលក្នុងគ្រួសារក៏ឈានដល់ដំណាក់កាលអស់សង្ឃឹម។ នេះជាបន្ទុកមួយថ្មី ដែលបានកើតឡើងចំពោះតារាអភ័ព្វរូបនេះ ខណៈដែលកញ្ញាក៏ត្រូវគេដឹងថា បង្ហាញមុខក្នុងការសម្ដែងយ៉ាងសកម្មភាពទាំងឈឺរាល់ថ្ងៃ ដើម្បីយកលុយមកទប់បំណុលផង និងតម្រូវការលើជំងឺរបស់ខ្លួន និងឪពុកផង។
កញ្ញា រក្សា បានសារភាពថាផ្ទះមួយកន្លែងរបស់កញ្ញា ដែលជាកេររបស់គ្រួសារត្រូវបានប្រកាសលក់ហើយ ដោយម្ចាស់បំណុលដែលអោយថវិកាដល់គ្រួសារកញ្ញាខ្ចីមើលជំងឺ និងបំពេញការចំណាយនាពេលកន្លងមក គឺជាអ្នកតថ្លៃទិញយក តែមិនទាន់ដឹងថានឹងត្រូវរ៉ូវគ្នានឹងក្នុងតម្លៃ ៨ម៉ឺនដែលគ្រួសារចង់បាន ឬក៏អត់។ កញ្ញាថា ឪពុករបស់ខ្លួនមានវ័យ៦២ឆ្នាំ ហើយមានជំងឺប្រចាំកាយធ្ងន់ធ្ងរមួយរយៈមកហើយ ដោយក្នុងពេលនេះ ឪពុករបស់កញ្ញាស្ថិតដល់ដំណាក់កាលដែលគ្រូពេទ្យប្រកាសថា ឈានដល់អស់លទ្ធភាព។ កញ្ញាថាមានការរន្ធត់ចិត្តយ៉ាងខ្លាំង ដែលជំងឺទឹកនោមផ្អែម សួត លើសឈាម និងបេះដូងរីក របស់ឪពុក ត្រូវបង្ខំចិត្តព្យាបាលអស់ប្រាក់ជាច្រើន ដោយបានទាំងជាប់បំណុលផ្សេងៗរហូតបង្ខំលក់ផ្ទះនៅក្នុងពេលនេះទៀត ប៉ុន្តែលទ្ធផលចុងក្រោយ គឺពេទ្យឆ្លើយថា ទោះយកទៅព្យាបាលដល់ណា ឬចំណាយអស់ប៉ុន្មានថែមទៀត ក៏មិនមានលទ្ធផលលើសហ្នឹង។ យ៉ាងណាមិញ កញ្ញា និងក្រុមគ្រួសារបានសម្រេចចិត្តឈប់យកឪពុកទៅព្យាបាលនៅពេទ្យហើយ ប៉ុន្តែកញ្ញាកាន់តែរន្ធត់ចិត្ត នៅពេលដែលឪពុកចេះតែទារទៅពេទ្យ ដែលអាចបណ្ដាលមកពីលោកមិនទាន់ដឹងថាជំងឺដែលលោកបានជួបនៅក្នុងពេលនេះ ឈានដល់ដំណាក់កាលពេទ្យលែងហ៊ានមើល។
តារាសម្ដែងភេទទី៣បន្តថា មកទល់រាល់ថ្ងៃ គ្រួសាររបស់នាងអត់មានមានថ្ងៃណាគ្រប់តម្រូវការនោះទេ ដោយសារតែឪពុក និងម្ដាយសុទ្ធតែឈឺដូចគ្នា គ្រាន់តែម្ដាយនាងនៅមិនទាន់ចំណាយលុយច្រើនដូចឪពុកដើម្បីទប់ជំងឺ ហើយរូបនាងទៀតសោត ក៏សម្ដែងបានតែម៉ាទប់តម្រូវការផ្ទាល់ខ្លួន និងបានជួយគ្រួសារតិចតួច ដែលមិនខុសពីបាក់បង្គោលនៅក្នុងគ្រួសារ។
កញ្ញារក្សា បន្តបើទោះជាជំងឺរលាកស្រោមខួររបស់នាងមានការធូរស្រាលជាងមុន ប៉ុន្តែជំងឺបេះដូងប្រហោង និងក្រពះ ដែលបានបង្កឡើងនៅតែធ្វើអោយនាងចំណាយលុយច្រើនក្នុងថែបំប៉នសុខភាព ក្នុងពេលដែលនាងនៅមិនទាន់ក្ដីសង្ឃឹមសម្រាប់ជីវិតរបស់ខ្លួនអោយបានពេញលេញនៅឡើយ នៅពេលជំងឺធ្វើទុក្ខម្ដងៗ។
នាងបានទាំងចាត់ទុកថាឱសថបុរាណរបស់អ្នកនាងស្វែង សុជាតា បានជួយអោយនាងបានធូរមួយផ្នែក ពីការចុះស្គម ក្ដៅក្បាល និងជ្រុះសក់នោះផង តែជីវភាពគ្រួសារនៅតែមិនអាចគេចផុតពីការលក់ផ្ទះដោះបំណុល និងទុកលុយមួយចំនួនទប់សភាពរបស់ឪពុក ក្នុងពេលជំងឺកាន់តែធ្វើទុក្ខដល់ដំណាក់កាលពេទ្យលែងហ៊ានមើល៕
មតិយោបល់