ព័ត៌មានជាតិ

ទុស្សេរខ្សែភ្លើង ឆេះរាលដាលរោងបាយមួយខ្នង អស់ទាំងស្រុង​ នៅខណ្ឌដង្កោ

ភ្នំពេញៈ មានអគ្គិភ័យមួយបានឆាបឆេះ រោងបាយ សង់ពីឈើប្រក់ស័ង្កសីមួយខ្នង បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចអាជ្ញារធរមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យចេញជួយពន្លត់ ជាច្រើនគ្រឿង នៅវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ​ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតភូមិម័រ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះខាងលើឈ្មោះ តា​ ម៉ង់ និងយាយ ចិត្រ បានប្រាប់ឲ្យដឹងថា មូលហេតុដែលនោះ គឺឆ្លងចរន្តអគ្គិសនី កន្លែងដោតភ្លើង ទើបបណ្ដាលឲ្យឆាបឆេះ រោងបាយ ដែលសង់ពីឈើប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រx៣ម៉ែត្រ និងសំភារផ្ទះបាយមួួយចំនួួន (មានគ្រែ ចំនួន២​ និងចាន ឆ្នាំង​ -ល-) ខ្ទេចអស់ទាំងស្រុង និងមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ គ្រាន់តែឆេះរោលជញ្ជាំងផ្ទះថ្មកម្ពស់ ៣ជាន់បន្តិចបន្តួចប៉ុណ្ណោះ។

លោក ព្រហ្ម យ៉ន ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ក្នុងប្រតិបត្តិការ​ពន្លត់អគ្គិភ័យខាងលើនេះ បានប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ ចំនួន​ ០៣គ្រឿង ដោយរថយន្តពន្លត់អគ្គិភ័យ​​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន​ ០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យជំនួយរបស់ក្រុមហ៊ុនឯកជន ខ្មែរប៊ែវើរី ចំនួន​ ១គ្រឿង ដោយប្រើប្រាស់ទឹកអស់ទាំង ៣គ្រឿង។

អគ្គិភ័យនេះ បានរលត់ជាស្ថាពរនៅម៉ោង០២និង១០នាទីថ្ងៃដដែលនេះ៕

មតិយោបល់