ព័ត៌មានកីឡា

Salah ឈ្នះពានកីឡាករល្អបំផុតប្រចាំរដូវកាលនៅ Premier League

ការវិលមកកាន់ Premier League វិញរដូវកាលនេះ មិនដូចកាលជំនាន់លេង​ឲ្យ​ក្រុមតោខៀវ Chelsea ឡើយ ដោយខ្សែប្រយុទ្ធ Mohamed Salah បានឈ្នះ​ពាន Best Player Of th Year របស់ក្របខណ្ឌកំពូល Premier League រដូវកាលនេះ។

ខ្សែប្រយុទ្ធ Mohamed Salah ពិតជាទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងរដូវកាលនេះ មិនត្រឹមតែជួយក្រុមហង្សក្រហម Liverpool ឲ្យឈរក្នុងតំណែងក្រុមកំពូលតារាងទាំង៤ និងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់​ព្រ័ត្រ Champion League ឡើយ កីឡាករអេហ្ស៊ីបរូបនេះ បានធ្វើឲ្យមានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពិភពបាល់ទាត់ នាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងណាស់ Salah​ បានឈ្នះពានកីឡាករល្អជាងគេបំផុតរបស់ក្របខណ្ឌ​កំពូល Premier League រដូវកាលនេះ ដោយទទួលបានសម្លេងឆ្នោតគាំទ្រ​ ច្រើនជាង Sergio Aguero, Harry Kane, Kevin de Bruyne, Devid De Gea និង David Silva ។ ការឈ្នះពានកីឡាករល្អនេះដែរ​ នៅមិនទាន់ចប់ឡើយ Salah កំពុងតែឈរកំពូលតារាង នៃកីឡាករទាត់បញ្ចូលទីច្រើនជាងគេ ផងដែរ ដែលមានន័យថា Salah អាចឈ្នះពានស្បែកជើងមាស នៅ Premier League ១ទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា Mohamed Salah បានផ្ទេរពី Roma មកកាន់ Liverpool កាលពីរដូវក្តៅកន្លងមក ស៊ុតបាន ៣១គ្រាប់ និងបញ្ជូនបាល់បាន៩គ្រាប់គិតត្រឹម​ក្របខណ្ឌ Premier League ប៉ុណ្ណោះ ដោយមិនទាន់គិតគ្រាប់ស៊ុតនៅ Champion League និងការប្រកួតពានផ្សេងៗទៀតឡើយ។

មតិយោបល់