ព័ត៌មានជាតិ

​ស្រវឹងស្រា​ទៅ​ដេក​លើផ្លូវ​ដែក ​ត្រូវ​រថភ្លើង​បើក​កិន​ដាច់​ប្រអប់ជើង

ភ្នំពេញៈ ​បុរស​ម្នាក់​ស្ថិតក្នុងស្ថានភាព​ស្រវឹង ក្រោយពី​ផឹក​រួច​ដើរទៅ​ដេក​ក្បែរ​ផ្លូវដែក ដោយលើកជើង​គងលើ​ផ្លូវដែក ​ត្រូវបាន​រថភ្លើង​បើក​កិន​បណ្តាល​ឲ្យ​ដាច់​ប្រអប់​ជើងឆ្វេង ហើយ​រមៀល​ធ្លាក់ចូល​ក្នុង​ទឹក​ត្រពាំង​ឈូក​។

ក្រោយកើតហេតុ ដោយងើប​មិន​រួច​ បុរសខាងលើបានអង្គុយ​ថ្ងូរ​ទាំង​ញ័រ​ខ្លួន​ទទ្រើក​តាំងពី​យប់ រហូតដល់​វេលា​ម៉ោង​៧ និង៥០នាទី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ប្រទះឃើញ តាមផ្លូវ​ដែក ជាប់​របង ក្រុមហ៊ុន​ខ្មែរ​ហ្វូ​ត ភូមិ​ចែង​មែ​ង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

ជនរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ ​អាយុ​ជាង​៥០​ឆ្នាំ របួស​ដាច់​ប្រអប់​ជើងឆ្វេង ស្ថិតក្នុងស្ថានភាព​មិនទាន់​អស់​ជាតិ​ស្រវឹង​នៅឡើយ ។​

តាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ផ្លូវដែក​ខ្សែ​ត្រង់ចំណុច​ខាងលើ មាន​រថភ្លើង​បើក​ឆ្លងកាត់​រាល់ថ្ងៃ មិនថាយប់​មិនថា​ថ្ងៃ ហើយ​ចំណុចកើតហេតុ នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ ទើបតែ​នៅ​ព្រឹក ថ្ងៃទី​២៣ ខែមេសា នេះ​បន្ទាប់​ដើរ​ឆ្លងកាត់​ចំណុច​នោះ ប្រទះឃើញ​បំណែក​ប្រអប់ជើង​ដាច់​ជាប់​នឹង​ដែក​រ៉ៃ រថភ្លើង ទើប​ឃើញ​ជនរងគ្រោះ​នៅ​អង្គុយ​ត្រាំ​ទឹក​ត្រពាំង​ឈូក ងើប​មិន​រួច​ដោយសារ ដាច់​ប្រអប់ជើង​ម្ខាង​ទៅហើយ។​

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយបាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​ជនរងគ្រោះបញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។​

តាម​ការសន្និដ្ឋាន​ជនរងគ្រោះ​ ត្រូវបាន​រថយន្ត​ភ្លើង​កិន​តាំងពី​យប់​មក​ម្លេះ ដោយសារ​ជនរងគ្រោះ​ស្រវឹងស្រា​ ដើរទៅ​ដេក​ក្បែរ​នឹង​ផ្លូវដែក រហូតដល់​ព្រឹក​ឡើង​ ទើប​ប្រជាពលរដ្ឋប្រទះឃើញ​តែម្តង ខណៈនៅ​មិនទាន់​បាត់​ធំក្លិន​ស្រា​នៅឡើយ៕

មតិយោបល់