(ភ្នំពេញ)៖ ដោយសារតែលោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ មិនទាន់បានបញ្ចប់ការសាកសួរជនសង្ស័យ ជាយោធាផ្កាយ២ កាលពីរសៀលម្សិលមិញនោះ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ នេះតំណាងអយ្យការដដែល នឹងបន្តនីតិវិធីស៊ើបសួរបន្ថែមទៀត មុនពេលសម្រេចថា នឹងត្រូវឃុំខ្លួន ឬដោះលែងជនសង្ស័យឱ្យមានសេរីភាព ឡើងវិញ។
លោកយោធាផ្កាយ២ មានងារជាឧកញ៉ា ត្រូវបានគេស្គាល់ថា មានឈ្មោះ ងិន មនោ មុខរបរជានាយកក្រុមហ៊ុន មេហ្គាស្ទូឌីយោ ដែលត្រូវបានជនរងគ្រោះប្តឹងថា បានចេញមូលប្បទានប័ត្រ (សែក) គ្មានសាច់ប្រាក់ជាង ១៦មឺុនដុល្លារអាមេរិក។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺនៅត្រង់ថា ខណៈសមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនលោកយោធាផ្កាយ២ ងារឧកញ៉ា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញនោះ គឺមានក្រុមអ្នកកាសែតមួយចំនួន ត្រូវបានគេជួលឱ្យថត និងចុះផ្សាយសម្អុយកេរ្តិ៍ឈ្មោះ យោធាផ្កាយ២ ជាឧកញ៉ារូបនេះ យ៉ាងគគ្រឹកគគ្រេង រួមទាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ផងដែរ។
គួររំឮកថា ជនសង្ស័យ ត្រូវបានកម្លាំងសមត្តកិច្ច នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ តបតាមពាក្យបណ្តឹងរបស់ដើមបណ្តឹង ដែលគេស្គាល់ថា ជាអ្នករកស៊ីជាមួយគ្នា៕
មតិយោបល់