ព័ត៌មានជាតិ

ភ្លៀងកក់ខែនៅសៀមរាប មានទាំងរន្ទះបាញ់មនុស្ស មានទាំងខ្យល់កន្ត្រាក់ប៉ើងរលំផ្ទះ

សៀមរាប: មានករណីខ្យល់កន្ត្រាក់ និងរន្ទះបាញ់មួយបានកើតឡើង រហូតបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់របួស និងផ្ទះមួយខ្នង ត្រូវបានរងការខូចខាតស្ទើរទាំងស្រុង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។

សមត្ថកិច្ចបានឲ្យដឹងថា ករណីទាំង២រួមមាន៖
ករណីទី១. រលំផ្ទះ ១ខ្នង ទំហំ ៤x៥ម៉ែត្រ ជញ្ចាំង ស្លឹក ដំបូលប្រក់សង្ក័សី ជើងសសរ ១ម៉ែត្រ កើតហេតុនៅចំណុចភូមិរកា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ នៅ ណាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករនៅប្រទេសថៃ រស់នៅភូមិកើតហេតុខាងលើ ។

ករណីទី២. ករណីរន្ទះបាញ់ កើតឡើងលើជនរងគ្រោះឈ្មោះ យឿន ឆែប ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិរកា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យរបួសស្រាល តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

មតិយោបល់