ក្រសួងសុខាភិបាលអ៊ីស្រាអែល គ្រោងនឹងបញ្ចប់កាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈចាប់ពីខែមេសា ឆ្នាំ២០២១តទៅ ខណៈដែលអ៊ីស្រាអែលបានចាក់វ៉ាក់សាំងឱ្យប្រជាជនបានច្រើនលើសលប់ និងករណីឆ្លងថ្មីមានចំនួនតិច ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។

ទន្ទឹមនឹងនេះ អ៊ីស្រាអែលក៏គ្រោងនឹងអនុញ្ញាតឱ្យបើកទេសចរណ៍ឡើងវិញ សម្រាប់ភ្ញៀវដែលចាក់វ៉ាក់សាំងហើយ មកពីក្រិច កោះស៊ីប និងហ្សកហ្ស៊ី។ ចំណែកប្រជាជនអ៊ីស្រាអែល ដែលចាក់វ៉ាក់សាំងហើយ ឬកាន់លិខិតឆ្លងដែនបៃតង នឹងអាចធ្វើដំណើរទៅប្រទេសទាំងនោះវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។

គួរដឹងថា គិតចាប់ពីថ្ងៃទី២០មីនាមក អ៊ីស្រាអែលមានករណីឆ្លងកូវីដ១៩ថ្មី ធ្លាក់មកនៅសល់ត្រឹមខ្ទង់រយ ខណៈកន្លងមកធ្លាប់ជួបតែរាប់ម៉ឺនរាប់ពាន់ករណី។ ការធ្លាក់ចុះនេះ គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីការចាក់វ៉ាក់សាំងបានឡើយ ពោលគឺប្រជាជនប្រមាណ ៥២% នៃប្រជាជនសរុបជាង ៩លាននាក់ បានចាក់វ៉ាក់សាំងគ្រប់២ដង និង ៥៧% បានចាក់ដូសទីមួយ ដែលនេះជាអត្រាចាក់វ៉ាក់សាំងលឿនជាងគេបំផុតក្នុងលោក៕
ប្រភព៖ kley kley
មតិយោបល់