ព័ត៌មានជាតិ

អាសូរណាស់! តន្ត្រីករម្នាក់ ជិះម៉ូតូទៅបុកពីក្រោយរថយន្តធុនធំ ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូទៅបុកពីក្រោយរថយន្តធន់ធំ ដឹកដែក ដែលចតចោលស្ងៀមពេញទំហឹង កាលវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចជិតវិតណាយក្លឹប ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ(សព)មានឈ្មោះ វ៉េង សម្បត្តិ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរតន្ត្រីករ (អ្នកលេងភ្លេង) ស្នាក់នៅបច្ចុប្បននៅក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកសមុទ្រ មានស្លាកលេខ ទ.0989 ភព1 (លេខចាស់) ជិះតាមបណ្តោយផ្លូវវ៉េងស្រេង ទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុខាងលើក៏បុករថយន្តធន់ធំដឹកដែក ម៉ាកកាំម៉ាស់ ពណ៌លឿង មានស្លាកលេខ ភ្នំពេញ3C.7333 ដែលចតស្ងៀមនៅជាប់ចិញ្ចើមផ្លូវ បុកពីក្រោយពេញទំហឹង ចំកាងដែកបាក់ បណ្តាលឲ្យបែកក្បាលនិងរយះមុខ ស្លាប់ភ្លាមៗក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័ម។ ចំណែកម៉ូតូរងកាខូចខាតផ្នែកខាងមុខបន្តិចបន្តួច។ រីឯតៃកុងរថយន្តបានរត់បាត់ ស្រមោល ហើយភ្លាមៗក៏មានកូនប្រុសស្រីមកដល់កន្លែងកើតហេតុ យំស្រែកគួរឲ្យអាសូរអាណិតដល់ពួកគាត់ណាស់។

តាមសម្តីកូនស្រីរបស់ជនរងគ្រោះ(សព)បាន ប្រាប់ឲ្យដឹងថាឪពុករបស់គាត់ជាអ្នកលេងភ្លេងនៅកោះពេជ្រលេងចប់ក៏ជិះម៉ូតូចេញក្នុងគោលបំណងទៅផ្ទះនៅខណ្ឌពោធិ៍សែនជ័យ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់សម្រួលចរាចរណ៍ហើយក៏ទាក់ទងទៅសមត្ថកិច្ចជំនាញ់ចរាចរណ៍ក្រុងមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុក រង់ចាំដោះស្រាយគ្នានៅថ្ងៃក្រោយ។ចំណែក សពក៏ប្រគល់ឲ្យកូនប្រុសស្រីយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕

មតិយោបល់