ភ្នំពេញៈ ដូចអ្វីជាការគ្រោងទុកមុន នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ លោក កូយ សៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងលោក ចែ សុង ជាតំណាងអយ្យការសវនាការ បានបើកសវនាការ ប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទ ទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាមន្ត្រីកងអង្គរក្ស និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត៖
-សំណុំរឿងទី១៖ សម្រេចផ្តន្ទាទោស ជនជាប់ចោទទាំង ២នាក់ ដាក់ពន្ធនាគារ កំណត់រយៈពេល ៦ខែ ដោយសម្រេចព្យួរទោសទាំងអស់ មិនបាច់ចាំអនុវត្តទោសក្នុងពន្ធនាគារ ពីបទ ឆបោក និងតម្រូវឲ្យជនជាប់ចោទរួមគ្នាសង សំណងទៅដើមបណ្តឹងចំនួន ៥ម៉ឺនដុល្លារ និងសងជំងឺចិត្ត ចំនួន ៥០០០ដុល្លារ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
-និងសំណុំរឿងទី២ មានចំនួន ០៣ បទចោទប្រកាន់ សម្រេចផ្តន្ទាទោស ជនជាប់ចោទ ទាំង ០២នាក់ ដាក់ពន្ធនាគារ កំណត់រយៈ ពេល ១ឆ្នាំ និង៦ខែ ប៉ុន្តែត្រូវអនុវត្តទោសត្រឹមតែ ៦ខែប៉ុណ្ណោះ ក្នុងពន្ធនាគារ និងតម្រូវឲ្យជនជាប់ចោទរួមគ្នាសង សំណងទៅដើមបណ្តឹងចំនួន ៧៥ម៉ឺនដុល្លារ និងសងជំងឺចិត្ត ចំនួន ១០ម៉ឺនដុល្លារ ទី១ពីបទ ក្លែងបន្លំ ស្នាមមេដៃពលរដ្ឋ ហត្ថលេខា និងត្រាអាជ្ញាធរ នៅខេត្តកំពត, ទី២ពីបទ ប្រើប្រាស់លិខិតក្លែង និងទី៣ពីបទ ឆបោក ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា មាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ពាក់ព័ន្ធសេចក្តីសម្រេច របស់តុលាការនេះ ដើមបណ្តឹងបានថ្លែង អបអរសាទរចំពោះការសម្រេចឲ្យជនជាប់ចោទ សងសំណង និងជំងឺចិត្ត បានសមស្របតាមការខូចខាតរបស់ពួកគាត់។
ប៉ុន្តែទោះបីជាយ៉ាងណា ដើមបណ្តឹងហាក់ មិនសូវពេញចិត្តចំពោះ ការផ្តន្ទាទោស ដាក់ពន្ធនាគារ ជនជាប់ចោទទាំង ០២នាក់ ដោយអនុវត្តទោសត្រឹមតែ ៦ខែក្នុងពន្ធនាគារ បែបនេះអាចបង្កជាក្តីបារម្ភចំពោះសុវត្ថិភាពពួកគាត់ ខណៈដែល ជនជាប់ចោទសុទ្ធសឹងជាមន្ត្រីប្រដាប់អាវុធ។
សូមបញ្ជាក់ថា នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ជនជាប់ចោទទាំង ០២នាក់ បានការចោទប្រកាន់របស់តុលាការ ដោយមិនមានឃើញមានសាក្សី ឬភស្តុតាង ដោះបន្ទុកឡើយ ប៉ុន្តែទីបំផុត ក្រុមជនជាប់ចោទ នៅតែទទួលបានស្ថានសម្រាលទោស យ៉ាងល្អប្រសើរពីតុលាការ៕
មតិយោបល់