ព័ត៌មានជាតិ

ផឹកស៊ីចំស្រាកាច! ជិះម៉ូតូដេញគប់រថយន្តគេ ត្រូវបានម្ចាស់គេដេញចាប់បានវាយបែកមាត់

ភ្នំពេញៈ បុរសម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវម្ចាស់រថយន្ដចាប់វាយបែកមាត់និងប្រគល់ឲ្យសមត្ថកិច្ច ចំណែកម្នាក់ម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូដេញគប់កញ្ចក់រថយន្ដព្រោះតែខឹងម្ចាស់រថយន្ដបើកជាន់ហ្គែររោទ៍ខ្លាំងៗ ខណៈដែលខ្លួនចេញពីផឹកស៊ីស្រវឹងជោកជាំ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ១៥៦ ក្នុងសង្កាត់ទឹកល្អកទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ភារុណ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅម្ដុំរង្វង់មូលទួលគោកចាស់។

បើតាមការរៀបរាប់ពីម្ចាស់រថយន្ដបានឲ្យដឹងថា មុនពេលកើតហេតុគឺរូបបើករថយន្ដហាយស៊េរីឆ្នាំ២០១២ ពណ៌កាំមៃ ដែលទើបតែទិញមកពីស្រុកក្រៅបំណងទៅឃ្លាំងរថយន្ដក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តែពេលមកដល់ចំណុចកើតហេតុក៏ក្រុមជនបង្កឈរនៅលើដងផ្លូវក៏ជាន់រោទ៍បន្តិចរួចក៏បើកផុតទៅ។ ប្រភពដដែលបានបន្តថា ពេលបើកមកដល់ជិតសាលាបឋមសិក្សាទឹកល្អក៣ស្រាប់ តែជនបង្កជិះឌុបគ្នាដេញតាមពីក្រោយហើយយកឥដ្ឋតាន់ គប់រថយន្ដគាត់តែមិនបែក ហើយគាត់បើករថយន្ដបន្តរហូតដល់មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ដោយមានការសង្ស័យក៏ឈប់រថយន្ដរួចចុះពីរថយន្ដចាំលួចមើល ស្រាប់ឃើញជនបង្កជិះម៉ូតូមកឈប់និងចុះពីម៉ូតូគប់រថយន្ដគាត់ថែមទៀតហើយក៏ស្រែកឲ្យគេជួយចាប់បានតែម្ដងហើយបាកវាយបែកមាត់បន្តិចបន្តួច។
ចំណែកជនសង្ស័យបានឲ្យដឹងថា ដោយសារតែឃើញរថយន្ដបើកជាន់ហ្គែររោទ៍ខ្លាំងទើបមានចិត្តហើយក៏ជិះម៉ូតូដេញគប់តែម្ដង។

ក្រោយពីសួរនាំនិងសម្របសម្រួលគ្នានៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកល្អទី ២ភាគីខាងម្ចាស់រថយន្ដព្រមយកសំណងចំនួន១៨០ដុល្លារពីជនបង្កដើម្បីបញ្ចប់រឿងរួចក៏ចែកផ្លូវគ្នារៀងៗខ្លួន៕

មតិយោបល់