ព័ត៌មានជាតិ

ស្លាប់ទៀតហើយ! រថយន្តកូរ៉េ បើកកៀររ៉ឺម៉កដឹកមាន់ ធ្លាក់យុវជនម្នាក់ត្រូវរថយន្តកិនស្លាប់ ចោលប្រពន្ធនិងកូនស្រីតូច២នាក់

ភ្នំពេញៈ រ៉ឺម៉កម៉ូតូកង់បីដឹកមាន់មួយគ្រឿង ជិះគ្នា៣នាក់ ត្រូវបានរថយន្តកូរ៉េមួយគ្រឿងបើកកៀរធ្លាក់យុវជនម្នាក់ចូលកង់ក្រោយកិនស្លាប់ ចំណែករថយន្តបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅតាមផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះ ឈ្មោះ ហេង ង៉ីម ហៅតឿ អាយុ៣២ឆ្នាំ ស្នាក់នៅភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្បាលត្រាច ឃុំ ស្រែចាក ស្រុកស្នួល ខេត្តក្រចេះ ដោយមានប្រពន្ធនិងកូនស្រីតូចស្រី២នាក់រស់នៅឯស្រុកកំណើត ។

តាមសម្តីអ្នកបើករ៉ឺម៉កកង់បីបានឲ្យដឹងថា ពួកគេមានគ្នាបីនាក់ក្រោយពីដឹកមាន់ដាក់ឲ្យម៉ូយអស់ហើយបានធ្វើដំណើរតាមផ្លូវវេងស្រេងពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងមិនចាំស្លាកលេខ បើកបរពី លិចទៅកើត ស្របទិសគ្នាដោយបើកវ៉ារថយន្តកុងតឺន័រមួយគ្រឿងក៏ជ្រុលកៀររ៉ឺម៉កម៉ូតូបណ្ដាលឲ្យធ្លាក់យុវជនរងគ្រោះចូលកង់ក្រោយរថយន្តកិនស្លាប់ក្នុងថ្លុកឈាម គួរឲ្យអណោចអធ័មចោលប្រពន្ធនិងកូនស្រីតូច២នាក់ដែលរស់នៅឯស្រុកកំណើត ។ ចំណែករថយន្តបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករ៉ឺម៉កម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីស្រាវជ្រាវរករថយន្តបង្ក ចំណែកសពយុវជនរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់