ភ្នំពេញៈ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ បានធ្វើការចាប់ខ្លួនបុរសដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ តាមដីការបស់សាលាដំបូងខេត្តកណ្ដាល បន្ទាប់ពីជននេះបានគេចខ្លួខចេញពីសំណាញ់ច្បាប់ជាច្រើនឆ្នាំកន្លងមកហើយ។
ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២១៧ ស្ថិតនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើនោះឈ្មោះ ឃួក ប៊ុននាង ហៅឃ្នាង អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ និងត្រូវបានកម្លាំងនគរបានចាប់ខ្លួនតាមដីកាលេខ៣០៩ ត ព្រ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ដោយលោកស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាធានីភ្នំពេញ ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់និងមានវាសនាបានគេចខ្លួនរួចពីការតាមប្រមាញ់ពីសំណាក់កម្លាំងសមត្ថកិច្ចច្រើនឆ្នាំមកហើយ។ដោយឡែកនៅមុនពេលត្រូវចាប់ខ្លួនជនសង្ស័យខាងលើបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1DK-6122 ទៅកាន់កន្លែងលាងម៉ូតូមួយកន្លែង។ ខណៈនោះកម្លាំងនគរបាលខណ្ឌដង្កោដែលមានដីការបង្គាប់ឲ្យចាប់ខ្លួនពីសាលាដំបូងរាជធានីភ្នំពេញស្រាប់ក៏បានតាមចាប់ខ្លួនតែម្ដង បន្ទាប់មកបាននាំទៅសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
មតិយោបល់