ភ្នំពេញៈ បន្ទាប់ពីធ្វើការសាកសួរលោក ណៃ វ៉ង់ដា កាលពីព្រឹកមិញរួចមក នៅម៉ោង១និង៥០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យអនុរក្សពន្ធនាគារនាំខ្លួនជនត្រូវចោទឈ្មោះ នី សុខា ជាមន្ត្រីអង្គការរអាដហុកមកសាកសួរបន្ថែមពាក់ព័ន្ធនឹងសំណុំរឿងសួកប៉ាន់សាក្សី គឺ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដើម្បីកុំឲ្យនាង និយាយការពិតអំពីទំនាក់ទំនងស្នេហ៍រវាងរូបនាង និងលោក កឹម សុខា ប្រធានស្តីទី គណៈបក្សសង្គ្រោះជាតិ។
បើតាមការបញ្ជាក់ពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនឹងបន្តសាកសួរជនត្រូវចោទ ឈ្មោះ នី សុខា និងឈ្មោះ ណៃ វ៉ង់ដា មន្ត្រីសិទ្ធិមនុស្សអាដហុកបន្ថែម ពាក់ព័ន្ធនឹងសំណុំរឿង សូកប៉ាន់សាក្សី។
សូមបញ្ជាក់ថា ជនត្រូវចោទលោក លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ត្រូវជាប់ចោទពីបទសូកប៉ាន់សាក្សី ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕
មតិយោបល់