ស្វាយរៀងៈ រឿងអាស្រូវពុករលួយរបស់លោក គន្ធា សីហា អនុប្រធានច្រកអន្តរជាតិបាវិត ដែលត្រូវជាក្មួយប្រុសរបស់លោក ខាត់ សារ៉ាត់ ប្រធានច្រកអន្តរជាតិបាវិត កំពុងត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ជាពិសេសពាក់ព័ន្ធទៅនឹងការដែលលោក គន្ធា សីហា ប្រមូលលុយពីរថយន្តក្រុងដឹកភ្ញៀវទេសចរ និងពីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ពីប្រទេសវៀតណាម។
មន្ត្រីសមត្ថកិច្ចតូចតាចនៅច្រកបាវិតបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងថា មួយរយៈពេលកន្លងទៅនេះលោក គន្ធា សីហា បានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន ដើម្បីប្រមូលផលប្រយោជន៍យ៉ាងក្រអឺតក្រទមគ្មានញញើតអ្វីទាំងអស់ ដោយសារតែគាត់អាងអំណាចពូរបស់ខ្លួនដែលជាប្រធានច្រកនេះ។
ប្រភពពីមន្ត្រីនគរបាលច្រកអន្តរជាតិបាវិត ដែលស្និទ្ធនិងលោក គន្ធា សីហា បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា មួយរយៈពេលកន្លងទៅនេះលោក ខាត់ សារ៉ាត់ មិនប្រើប្រាស់មន្ត្រីក្រោមឱវាទឲ្យប្រមូលលុយពីអ្នកបើកបរក្រុមហ៊ុនរថយន្តក្រុងដឹកជញ្ជូនភ្ញៀវ និងពីក្រុមឈ្មួញដឹកជញ្ជូនទំនិញដូចកាលពីមុននោះទេ។ ផ្ទុយទៅវិញលោក ខាត់ សារ៉ាត់ បានប្រើក្មួយប្រុសរបស់ខ្លួនឈ្មោះ គន្ធា សីហា អាយុ២៧ឆ្នាំ ជាអ្នកធ្វើសកម្មភាពប្រមូលលុយពីអ្នកបើកបររថយន្តក្រុងដឹកជញ្ជូនភ្ញៀវចេញចូលឆ្លងដែន និងពីអ្នករកស៊ីនាំចូលទំនិញគេចពន្ធយ៉ាងក្រអឺតក្រទម។ ហេតុនេះហើយទើបរឿងអាស្រូវពុករលួយដល់ឆ្អឹងរបស់លោក ខាត់ សារ៉ាត់ ប្រធានច្រកទ្វារអន្តរជាតិបាវិត និងក្មួយឈ្មោះ គន្ធា សីហា ត្រូវបានបើកកកាយជាសាធារណៈដើម្បីឲ្យដឹងឮដល់មេៗនៅខាងលើផងដែរ។
មន្ត្រីនគរបាលអន្តោប្រវេសន៍នៅច្រកបាវិតនៅបានខ្សឹបនាយក្តាមប្រៃយើងឲ្យដឹងថា លោក ខាត់ សារ៉ាត់ ជាប្អូនថ្លៃពៅរបស់សម្តេចក្រឡាហោមផង និងមានខ្នងបង្អែកនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃផងដែរ ទើបហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ក្នុងនោះលោក ខាត់ សារ៉ាត់ ប្រើឥទ្ធិពលអំណាចរបស់ខ្លួន ដើម្បីប្រមូលលុយពីឈ្មួញនាំចេញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ស្រេចតែអំពើចិត្ត ដោយឲ្យក្មួយប្រុសឈ្មោះ គន្ធា សីហា ជាអនុប្រធានច្រកចេញមុខ ដោយគ្មាននរណាហ៊ានតវ៉ាឡើយនាពេលកន្លងមក។ ប្រភពបានឲ្យដឹងទៀតថា ទំនិញគេចពន្ធពីស្រុកយួនដែលឈ្មួញបង្កប់នៅបាតរថយន្តក្រុងរបស់ក្រុមហ៊ុននានាសុទ្ធតែជាប្រភពចំណូលរបស់លោក ខាត់ សារ៉ាត់ និងក្មួយរបស់ខ្លួនឈ្មោះគន្ធា សីហា ហើយមន្ត្រីដទៃទៀតស្ទើរតែគ្មានការងារធ្វើ។
រឿងអាស្រូវរបស់លោក ខាត់ សារ៉ាត់ និងក្មួយប្រុសឈ្មោះ សីហា ដូចខាងលើនេះ ត្រូវបានគេដឹងថា លោក សីហា ទើបតែនឹងចូលធ្វើប៉ូលិសបានជិត២ឆ្នាំប៉ុណ្ណោះ។ ហើយដោយសារតែអំណាចរបស់ពូ លោក សីហា បានកាន់តួនាទីជាអនុប្រធានច្រកអន្តរជាតិបាវិត ដោយគ្រប់គ្រងតំបន់ច្រកខាងជើង ដែលជាច្រកត្រូវប៉ាន់ ពោល គឺច្រកចូលមកពីវើតណាម។
ប្រភពនៅបានខ្សឹបទៀតថា ក្នុងអំណាចនោះឈ្មោះ សីហា តម្រូវឲ្យរថយន្តកុងតឺន័រចេញចូលដឹកទំនិញត្រូវបង់លុយចាប់ពី១៥០០ទៅ៣០០០ដុល្លារក្នុង១គ្រឿងនោះ គឺជាអំពើពុករលួយដ៏ធំធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយលោក ខាត់ សារ៉ាត់ អាចប្រមូលលុយទាំងនោះយកទៅធ្វើមានធ្វើបានយ៉ាងហ៊ឺហា។
បញ្ហានេះអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន ក៏គួរបើកការស៊ើបអង្កេតផងដែរ ដើម្បីកុំឲ្យមន្ត្រីពុករលួយខិលខូចធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន ដោយសារអាងខ្នងបង្អែករឹងមាំបែបនេះបន្តប្រព្រឹទ្ធអំពើពុករលួយដោយចំហរបែបនេះ៕
មតិយោបល់