Post News Media ព័ត៌មានជាតិ រថយន្ត២គ្រឿង ...

រថយន្ត២គ្រឿង ពន្លះគ្នាលាន់ដូចរន្ទះ​ របួសធ្ងន់៣នាក់ នៅស្រុកមុខកំពូល!

កណ្តាល: រថយន្ត២គ្រឿង បានបើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៤០នាទី យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២៨-២៩ ចំណុច ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើង ដោយសាររថយន្តមួយគ្រឿងម៉ាកហ៊ីលុច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-8143 បើកបរដោយឈ្មោះ ធី ប៊ុនលី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានរួមដំណើរ២នាក់ រួមមាន៖ ១ .ឈ្មោះ ធី ម៉េងហ៊ួ ភេទប្រុស អាយុ១៨ឆ្នាំ និងទី២ឈ្មោះ ឃឿន និមិត្ត ភេទប្រុស អាយុ២៣ឆ្នាំ បានធ្វើដំណើរពីលិចទៅកើត បម្រុងបត់ទៅទិសខាងត្បូង បណ្ដាលឲ្យរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-6424 (រត់គេចបាត់) ដែលធ្វើដំណើរពីជើងទៅត្បូង បានមកបុករថយន្តម៉ាកហ៊ីលុចខាងលើពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ ដល់អ្នកបើកបរនិងអ្នករួមដំណើររថយន្តហ៊ីលុច ហើយបានបញ្ចូនទៅព្យាបាលនៅពេទ្យភ្នំពេញ។

មូលហេតុ គឺបណ្តាលមកពីរថយន្តម៉ាកហ៊ីលុច ធ្វើដំណើរពីលិចទៅកើតបម្រុងបត់ទៅទិសខាងត្បូង ប៉ុន្តែបើកបរលឿនពេក បត់មិនទាន់ក៏ជ្រុលទៅដល់កណ្ដាលទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តម៉ាកហ៊ីយ៉ាន់ដាយមកពីទិសខាងជើងមកបុកតែម្តង៕