ព័ត៌មានជាតិ

ទំនាស់ពាក្យសម្តីរវាងពូនិងក្មួយ ទាញអង្កត់អុសសំពងក្បាល ឈ្នះចូលគុក ចាញ់ចូលពេទ្យ!

តាកែវ: សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ពន្ធ័ករណីហិង្សាដោយចេតនា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិស្រង៉ែ ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ ទេព សារ៉ាត់ ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានយកអង្កត់អុសវ៉ៃក្បាល ឈ្មោះ សូត យ៉ាង
ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យដួលសន្លប់ ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ បណ្តាលមកពីទំនាស់ពាក្យសម្ដីគ្នា រវាងពូនិងក្មួយក្បែរផ្ទះ ហើយក្រោយពីកើតហេតុជនសង្ស័យបានគេចខ្លួនបាត់។ លុះដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ ទើបយើងឃាត់ខ្លួនបាន ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់