ព័ត៌មានជាតិ

ជិះម៉ូតូ ទៅបុករថយន្តធុនធំ របួសធ្ងន់ ម៉ូតូកិនជាប់ខាងក្រោមកង់រថយន្ត!

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តសណ្តោងធុនធំមួយគ្រឿងដែលបើកឆ្លងផ្លូវបណ្តាលរថយន្តកិនពីលើម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ត្រង់ចំណុចស្តុបណតប្រ៊ីជ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក MITSUBISHI ពណ៌ស ជាប្រភេទរថយន្តសណ្តោងធន់ធំដឹកបេតុងសាងសង់លូ ពាក់ស្លាកលេខ ភ្នំពេញ 3A-2852 ដោយធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីជ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើក៏បើកឆ្លងកាត់ផ្លូវ២០០៤ ឆ្ពោះទៅមុខ ហើយខណៈពេលដែលឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីមស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Y-3869 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើតនិងក្នុងល្បឿនយ៉ាងលឿន។ រួចក៏ជ្រុលទៅបុកចំពាក់ពេញទំហឹង បណ្តាលឲ្យម៉ូតូដួលចូលទៅក្រោមរថយន្តកិនអូសរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯគ្លីនិកសម្ភពពន្លឺ។ ដោយឡែករថយន្តរងការខូចខាតបន្តិចបន្តួច។ ចំណែកឯអ្នកបើកបរគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់