ភ្នំពេញៈ ករណីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងដីឡូមួយកន្លែង ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីបុរសម្នាក់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺកាលពីបួនប្រាំថ្ងៃមុន មានក្រុមជាងជីកដី ដើម្បីបុកគ្រឹះសាងសង់នៅក្នុងការដ្ឋាន ក៏ប្រទះឃើញគ្រាប់នេះតែម្តង តែបុរសនោះស្មានថា ជាគ្រាប់ខូចគុណភាព ទើបរើសគប់ចេញពីកន្លែងដែលប្រទះឃើញ មកលើវាលខ្សាច់ក្បែរនោះ លុះរហូតព្រឹកថ្ងៃទី១៤ ខែឧសភា ក៏មានអ្នករាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងបានរាយការណ៍ប្រាប់ទៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេស ប្រឆាំងភេរវកម្ម ដែលជាដៃគូសហការរបស់សុីម៉ាក់ បានមកដល់កន្លែងកើតពិនិត្យរួចរាល់ និងបានបញ្ជាក់ថា គ្រាប់ខាងលើជាប្រភេទគ្រាប់ឈ្មោះបុំប៊ុ ហើយបានលើកយកគ្រាប់នោះ ទៅកាន់កន្លែងមានសុវត្ថិភាព ដើម្បីទាក់ទងសុីម៉ាក់ឲ្យយកទៅកម្ទេចចោលនៅពេលក្រោយ៕
មតិយោបល់