ព័ត៌មានជាតិ

ម្ដាយទ្រហោយំស្ទើរស្លុតស្មារតី ខណៈកូនស្រីទាំង២នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ព្រៃវែង: កាលពីវេលាម៉ោង១២ និង ១០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ មានករណីក្មេងស្រី ២នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិត នៅត្រង់ចំណុចអូតាស៊ាង ចម្ងាយពីភូមិ ១,៦០០ម៉ែត្រ ស្ថិតនៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៏ ខេត្តព្រៃវែង។

ក្មេងស្រីរងគ្រោះទាំងពីរនាក់ ទី១.ឈ្មោះ ផន រតនា ភេទស្រី អាយុ ១០ឆ្នាំ មុខរបរសិស្ស និងទី២.ឈ្មោះ ផន ថាវី ភេទស្រី អាយុ ៨ឆ្នាំ មុខរបរសិស្ស។ ចំណែកឪពុកឈ្មោះ ផេង ភា (ស្លាប់) ម្តាយឈ្មោះ ម៉ែន យ៉ន អាយុ៤៦ឆ្នាំ មានទីលំនៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៏ ខេត្តព្រៃវែង។
ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារ រួមទាំងអ្នកភូមិ បាននាំគ្នាចុះរាវរកឃើញ រួចដឹកសពក្មេងស្រីទាំងពីរតាមគោយន្ត មកផ្ទះរហូតដល់ម៉ោង២ និង ២០នាទីរសៀល ទើបរាយការណ៍ជូនសមត្ថកិច្ច។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចបានចុះមកពិនិត្យឃើញថា ជនរងគ្រោះនេះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

ករណីនេះ ជនរងគ្រោះបាននាំគ្នាទៅរាយមង ជាមួយម្តាយ ប៉ុន្តែពេលម្តាយកំពុងរាយមងក្មេងស្រីទាំងពីរនាក់ បាននាំគ្នាងូតទឹក និងប្រលែងតោងគ្នាលេង បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។

បច្ចុប្បន្នសមត្ថកិច្ច ត្រូវបានសមត្ថកិច្ចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់