ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រឿងញៀនរាប់សិបគីឡូ ដែលជនជាតិឡាវ ចរាចរពីស្ទឹងត្រែង មកភ្នំពេញ ត្រូវបានសមត្ថកិច្ចបង្ក្រាប

ភ្នំពេញៈ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានតាមប្រមាញ់ចាប់បង្រ្កាបករណីជួញដូរគ្រឿងញៀនជនជាតិឡាវម្នាក់ និងខ្មែរម្នាក់ ដែលហ៊ានចរាចរគ្រឿងច្រើនគីឡូតាមរថយន្តរថឈ្នួលពីខេត្តស្ទឹងត្រែង មកភ្នំពេញ។ ប្រតិបត្តិការចាប់ជនសង្ស័យទាំងពីរ បានធ្វើឡើងកាលពីវេលាម៉ោង៤៖១៥នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ខណៈរថយន្តឈ្នួលមួយគ្រឿងនោះ បើកមកដល់ចំណុចមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យធំ ផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រតិបត្តិការចាប់បង្រ្កាបនេះដែរ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហើបឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញបានទទួលព័ត៌មានសម្ងាត់ថា មានរថយន្តឈ្នួលមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២Z-៧០៣៩ ដែលរត់ពីខេត្តស្ទឹងត្រែង មកភ្នំពេញ បានដឹកមេក្លោងគ្រឿងញៀន ជនជាតិឡាវម្នាក់ ឆ្ពោះមកភ្នំពេញ។ លុះពេលរថយន្តឈ្នួលមួយគ្រឿងនោះ បើកមកដល់មុខមន្ទីរពេទ្យធំ តាមផ្លូវលេខ៤៧ កម្លាំងរបស់មន្ទីរគ្រឿងញៀន ដែលខ្លះស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀត ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងវែងខ្លីគ្រប់ដៃបានបើកប្រតិបត្តិការបង្រ្កាបជាក់ស្តែនៅទីនោះតែម្តង ដោយឃាត់ភ្លាមៗ រួមមានតៃកុងរថយន្តតាក់ស៊ីម្នាក់ ចាប់វាយខ្នោះឲ្យដេកក្រាបនៅក្បែរឡានរបស់ខ្លួនឯង។

ប្រភពព័ត៌មានបានបន្តទៀតថា ចំណែកជនជាតិឡាវម្នាក់ ដែលជាមុខសញ្ញាគ្រឿង បានប្រញាប់រត់ចេញពីក្នុងរថយន្តឈ្នួលមួយគ្រឿងនោះ ប្រញាប់រត់គេចខ្លួនចូលបរិវេណមន្ទីរពេទ្យធំ ហើយក៏ត្រូវបានកម្លាំងជំនាញតាមប្រមាញ់ចាប់បានភ្លាមៗ ព្រមទាំងដកហូតបានគ្រឿងញៀនចំនួន៤កញ្ចប់ធំៗជាច្រើនគីឡូក្រាម រួមទាំងម៉ាទឹកកកប្រហែលជាជិត២គីឡូថែមទៀត។

ប្រភពព័ត៌មានបានបន្តទៀតថា ប្រតិបត្តិការចាប់បង្រ្កាបនេះ កម្លាំងជំនាញបានប្រញាប់បញ្ជូនក្រុមជនសង្ស័យជួញដូរគ្រឿងញៀនទាំងជនជាតិឡាវ និងខ្មែរជាតៃកុងរថយន្តឈ្នួលរូបនោះ ទៅមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីស្រាវជ្រាវរកមេក្លោងធំបន្តទៀត និងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់