ព័ត៌មានជាតិ

ផ្ទុះគ្រាប់៦០ម.ម១គ្រាប់ នៅស្រុកព្រះនេត្រព្រះ ស្លាប់និងរបួស២នាក់!

បន្ទាយមានជ័យ: បុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ ខណ:ដែលជនរងគ្រោះបានយកក្បាលគ្រាប់ ប្រភេទ៦០ ម.ម ដែលបន្សល់ទុកពីសម័យសង្រ្គាមទៅវាយដំដោះប្រលូញកន្លឹះរ៉ឺម៉កគោយន្តចេញពីគោយន្តដើម្បីយកទៅភ្ជួរស្រែ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩ ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន ជ័យ។
ប្រភពព័ត៌មានពីនគរបាលប៉ុស្ថិ៍រដ្ឋបាលឃុំបុស្បូវ ប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈឿន សាម៉ន អាយុ៣២ឆ្នាំ ជាម្ចាស់គោយន្ត ដោយឡែក អ្នករងរបួសមានឈ្មោះ វ៉ាត សាមេត អាយុ៤៧ឆ្នាំ ជាអ្នកជិតខាង ជនរងគ្រោះរស់នៅភូមិ ឃុំខាងលើ។

ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ម្ចាស់គោយន្តបានដោះរ៉ឺម៉កគោយន្តចេញពីក្បាលគោយន្ត ដើម្បីទៅភ្ជួរស្រែនៅពេលនោះមានអ្នកជិតខាងម្នាក់បានទៅឈរមើល។ប៉ុន្តែនៅពេល ដោះប្រលូញកន្លឹះរ៉ឺម៉កវាមិនចេញ ទើបជនរងគ្រោះក៏យកម៉ូទ័រឆាបផ្តាច់ប្រលូញកន្លឹះរ៉ឺម៉កគោយន្ត បន្ទាប់មកជនរងគ្រោះក៏យកក្បាលគ្រាប់៦០ម.ម មិនដឹងជនរងគ្រោះរើសយកពីតំបន់ណានោះទេ ហើយយកមកដំវាយដើម្បីយកប្រលូញកន្លឹះ គោយន្តនោះចេញ ខណ:នោះក៏ស្រាប់តែផ្ទុះគ្រាប់នោះតែម្តង បណ្តាលឲ្យម្ចាស់គោយន្តស្លាប់ ចំណែកអ្នកជិតខាងទៅឈរមើលទទួលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលអ្នកភូមិពេញតែភូមិ។

ជនរងគ្រោះក្រោយមកសាច់ញាតិដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរបង្អែក ស្រុកមង្គលបូរី៕

មតិយោបល់