ព័ត៌មានជាតិ

សំណង់បុកគ្រិះរបងបិទផ្លូវទឹកមុខស្ពានពងអង្ក្រង ត្រូវបានអភិបាលកំពង់ធំបញ្ជាឲ្យផ្អាកប៉ះពាល់លំហូរទឹក

កំពង់ធំៈ សំណង់សាងសង់បុកគ្រិះហុំព័ទ្ធលើដីកម្មសិទ្ធ ត្រូវបានលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំឲ្យផ្អាកធ្វើសកម្មភាព និងមិនអនុញ្ញាតឲ្យសាងសង់បន្ត ក្រោយពីមានការត្រួតពិនិត្យពីគណកម្មការចម្រុះ វាយតម្លៃពីផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋ និងដំណាំ បន្លែបង្ការ និងបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងនូវលំហូរទឹក នារដូវវស្សា ដោយសារតែសំណង់នេះបានធ្វើឡើងចំពីមុខស្ពាន ពងអង្រង ភូមិ/សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានបានឲ្យដឹងថា សកម្មភាពដែលបានធ្វើរបងបាំងបិទមុខទឹកចំកណ្តាលស្ពានពងអង្រង ត្រូវបានគេស្គាល់ម្ចាស់ដីឈ្មោះ ជិង សុភា រស់នៅសង្កាត់វាលវង់ ខណ្ទ៧មករា រាជធានីភ្នំពេញ បានមកទិញដីអ្នកភូមិ នៅខេត្តកំពង់ធំ និងត្រូវបានគេដឹងថា បានសុំលិខិតអនុញ្ញាត ដើម្បីសាងសង់របងបុកគ្រិះមិនទាន់បានផង បែរជានាំជាងមកធ្វើរបងទុកមុន ដែលជាទម្លាប់របស់អ្នកកំពង់ធំ ទាំងការសាងសង់សំណង់ផ្សេងៗ និងសុំច្បាប់ឈូសឆាយដី និងសុំច្បាប់ផ្សេងៗមិនទាន់ទាំងបានចេញលិខិតអនុញ្ញាត ស្រាប់តែនាំគ្នាធ្វើជាបណ្តើរទោះជាបាន ឬមិនបានក៏សំណង់ឡើងជិតរួចទៅហើយ ទីបំផុតអង្ករក្លាយជាបាយ ទៅជាស្អីក៏ទៅៗ។

ពាក់ព័ន្ឋនឹងការចាក់ដី ធ្វើរបងបុកគ្រិះ បិទផ្លូវលំហូរទឹកនេះ លោក ជិង សុភា ដែលជាម្ចាស់ដីពុំអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ។

លោក ហុក រិន អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងថា ការធ្វើរបងចាក់ដីបិទមុខទឹកនេះ គឺមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារតែទីនេះ គឺជាចំណុចសំខាន់ ដែលត្រូវរំដោះទឹកជំនន់ ចេញពីស្ទឹងសែន តែទោះជាម្ចាស់មានប័ណ្ណកម្មសិទ្ធដីធ្លីយ៉ាងណាក៏ដោយ តែការសាងសង់នេះ វានៅចំពីមុខស្ពាន គឺត្រូវផ្អាកធ្វើសកម្មភាពសាងសង់ទាំងអស់ លោកនឹងរាយការណ៍ជូនអភិបាលខេត្តកំពង់ធំ។

លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា បានឲ្យអភិបាលក្រុងចុះពិនិត្យទីតាំងផ្ទាល់រួចមកហើយ ដោយយល់ឃើញថា មានការរាំងស្ទះនូវលំហូរទឹក ដោយសំណង់រ៉ឹងមាំបុកគ្រិះនេះវាមិនត្រឹមត្រូវទេ ដោយសារខ្ញុំបានឃើញផ្ទាល់ទើបបានឲ្យអភិបាលក្រុងចុះទៅមើលជាបន្ទាន់ ហើយក៏មិនអនុញ្ញាតឲ្យគាត់ធ្វើបានទេ ទោះបីជាដីមានប្លង់កម្មសិទ្ធិក៏ដោយក៏មិនអនុញ្ញាត ដោយសារតែជាផ្លូវរំដោះទឹកជំនន់ សម្រាប់រដូវទឹកជំនន់៕

photo_2016-08-08_18-27-41photo_2016-08-08_18-27-43photo_2016-08-08_18-27-45photo_2016-08-08_18-27-48photo_2016-08-08_18-27-49photo_2016-08-08_18-27-52photo_2016-08-08_18-27-54

មតិយោបល់