ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេកមិនដឹងប្រញាប់ទៅណា ជ្រុលទៅបុករថយន្តលាន់ដូចរន្ទះត្រង់ចំណុចផ្លូវខ្វែង

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿង បោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវខ្វែង ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ត្រង់ចំណុចខាងត្បូងផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៧ កែងនិងផ្លូវ៦១៤ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-8709 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៨៧ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានបើកឆ្លងកាត់ផ្លូវ៦១៤ ខណ:ដែលបើកឆ្លងមិនទាន់បានពាក់កណ្តាលផ្លូវផង ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាភីស៉ីអិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CP-2519 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៦១៤ ទិសដៅពីលិចទៅកើតនិងក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តចំកង់ខាងមុខពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតក្រពឹតបន្តិចបន្តួច។ ចំណែកឯម៉ូតូរងការខូចខាតបែកចង្កៀងខាងមុខ រីឯអ្នកបើកបររងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅគ្លីនិកហុងហាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់