ភ្នំពេញៈ បុរសបីនាក់ បើករថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿង បោះពួយយ៉ាងលឿនបានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយរថយន្តហោះទៅបុកស្លាកប៉ានណូ បណ្ដាលឲ្យបាក់រលំដល់ដី រថយន្តវិញក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាង ព្រមទាំងឆេះផ្សែងទ្រលោមបណ្ដាលឲ្យស្លាប់តៃកុងម្នាក់ ខណៈ ពេលបញ្ជូនទៅមន្ទីរពេទ្យ និង២នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ចំណុចរង្វង់មូលជ្រោយចង្វារខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះសយ សាន ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើត ភូមិល្អក់ ឃុំ កំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់ រួមដំណើរនិងមិត្តភក្តិ២នាក់ បើករថយន្តទំនើបអូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9229 បើកពីកើតទៅលិចក្នុងល្បឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយហោះទៅបុកស្លាកប៉ានណូបាក់រាបដល់ដីរួចក្រឡាប់ផ្ងារជើងទ្រមេឃ ឆេះផ្សែងហុយទ្រលោម។ ចំណែកអ្នកជិះក្នុងរថយន្តត្រូវបានបងប្អូនប្រជាពរដ្ឋជួយវាយកញ្ចក់បំបែកយកមនុស្សទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែអកុសលត្រូវស្លាប់ម្នាក់ និង២នាក់ទៀត រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/hemuPKMjQ0M
មតិយោបល់