ព័ត៌មានជាតិ

បន្លំខ្លួនចូលក្រុមហ៊ុនឡាក់គីធូយូ ហែកចូលក្នុងគណនីភ្លៀវលួចលុយ ត្រូវប៉ូលិសឃាត់ខ្លួន!

​បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីលួច និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្រុមហ៊ុនឡាក់គីធូយូ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា យោងបណ្តឹងរបស់ឈ្មោះ ឃុន សេរីវាសនា ភេទ ប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ ហៀង វិសាល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះបានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានបន្លំខ្លួនចូលក្នុងក្រុមហ៊ុនឡាក់គីធូយូ ហើយបានហែកចូលក្នុងគណនីរបស់ម្ចាស់ក្រុមហ៊ុន ហើយថែមទាំងហែកចូលទៅក្នុងគណនីរបស់ភ្ញៀវនៅក្រុមហ៊ុន ហើយបានផ្ទេរប្រាក់ពីគណនីរបស់ម្ចាស់ក្រុមហ៊ុនអស់ចំនួន ២១.០០០ប្រាក់បាតថៃ ចូលទៅក្នុងគណនីមួយផ្សេងទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្ថែមថា បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់