ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង បុករបាំងថ្មចែកទ្រូងខ្ទាតប្រហែល៣ម៉ែត្រចេញពីគ្នា

ភ្នំពេញ: រថយន្ដស៊េរីទំនើបមួយគ្រឿង បើកបុករបាំងថ្មចែកទ្រូងផ្លូវ មួយកង់ ខ្ទាតចេញពីគ្នាប្រហែល៣ម៉ែត្រ យ៉ាងពេញទំហឹង ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចខាងមុខមន្ទីរពេទ្យវិសាលសុខ តាមបណ្ដោយ ផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កម៉ាក Porsche ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-2299 ជិះដោយបុរសនារីបួននាក់ នៅក្នុងរថយន្ដ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧(ផ្លូវព្រះមុន្នីរ៉េត )ទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ ក៏រេចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរបាំងថ្មចំនួន១កង់ខ្ទាតចេញពីគ្នាប្រហែល៣ម៉ែត្រ។ ចំណែករថយន្ដបែកកង់និងដាច់ការឡេកង់ខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួច។

ក្រោយពីកើតហេតុ អ្នកជិះក្នុងរថយន្ដទាំងអស់បានចុះពីលើរថយន្ដរួចនាំគ្នាចេញបាត់ពីកន្លែងកើតហេតុ ដោយបន្សល់ទុករថយន្តបង្ក នៅនឹងកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅកាន់កម្លាំងចរាចរណ៍ធ្វើការវាស់វែងស្ទូចយករថយន្ដបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់