ឧត្តរមានជ័យៈ បុរសម្នាក់បានរងរបួសធ្លុះភ្លៅទាំងពីរ បន្ទាប់ពីបុរសម្នាក់ទៀតទាញកាំភ្លើងបាញ់ ដោយស្មានថា សត្វ ខណៈឃើញគម្ពោជព្រៃរង្គើ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជៀវ សិត ភេទប្រុស អាយុ១៨ឆ្នាំ។ ចំណែកជនបង្កឈ្មោះ ហឹម រស់ ភេទប្រុស អាយុ៤២ឆ្នាំ អ្នកទាំង២ រស់នៅភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ មនុស្ស៣នាក់ រួមទាំងជនរងគ្រោះ បានស្ពាយឈើក្រញូង ចុះពីលើភ្នំមកដល់ផ្លូវកន្លែងកើតហេតុ ពួកគេបានឃើញភ្លើងកូមរបស់ជនបង្កស្មានថា សមត្ថកិច្ចក៏នាំគ្នាពួន ដោយជនរងគ្រោះពួនម្នាក់ឯងម្ខាងផ្លូវ រីឯ២នាក់ទៀតពួនម្ខាងផ្លូវ លុះជនបង្កដើរមកដល់ឃើញគម្ពោជព្រៃរង្គើ ស្មានថា សត្វក៏បាញ់សំដៅតែម្តង ទើបដឹងថា មនុស្ស ពេលនោះ២នាក់ ទៀតនៅម្ខាងផ្លូវក៏ស្ទុះទៅចាប់ជនបង្ក ដល់ឮជនរងគ្រោះស្រែកអូយៗក៏ស្ទុះទៅមើល ឃើញជនរងគ្រោះរបួសធ្លុះភ្លៅទាំងពីរ និងនាំគ្នាយកជនរងគ្រោះទៅមន្ទីរពេទ្យ។ ចំណែកជនបង្កបានរត់គេចខ្លួនបាត់៕
មតិយោបល់