ភ្នំពេញៈ រថយន្តពីរគ្រឿង បើកបោះពួយយ៉ាងលឿនរៀងៗខ្លួន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន ដោយសារខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យបុកគ្នាពេញទំហឹង រងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ត្រង់ចំណុចស្តុប២៤ម៉ោង តាមបណ្ដោយផ្លូវហាណូយ កែងនិងផ្លូវឧកញ្ញម៉ងរិទ្ធី ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាក តូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AG-9523 ធ្វើដំណើរពីជើងទៅត្បូងតាមបណ្ដោយផ្លូវហាណូយ ក្នុងល្បឿនយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក វីស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AG-1914 ធ្វើដំណើរពីកើតទៅលិចតាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធីក្នុងល្បឿនលឿនដូចគ្នា។ ខណៈភ្លើងសញ្ញាចរាចរណ៍ នៅកន្លែងកើតហេតុលែងដំណើរការ រួមទាំងរថយន្តពីរគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នរៀងៗខ្លួន ក៏បង្កឲ្យបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តព្រូសរងការខូចខាតខ្ទេចមួយកំណាត់មុខ ចំណែកឯរថយន្តវីស្តូ នៅមិនទាន់អស់ល្បឿនក៏ជ្រុលបុកទម្លុះទ្វាររបងផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរនោះ បណ្ដាលឲ្យដាច់សោបើកទ្វាររបង។ ដោយឡែករថយន្តរងការខូចខាតក្រពឹតនិងដាច់ក្រឡេកង់ខាងមុខចំហៀងខាងស្តាំ រីឯអ្នកបើកបររងរបួសសន្លប់ស្តូកស្តឹង ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកសម្ភពរស្មីដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុហើយក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ជាបន្តទៀតនៅពេលក្រោយ៕
មតិយោបល់