ភ្នំពេញៈ រថយន្តបាឡែនមួយគ្រឿង បើកក្នុងល្បឿនលឿនឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់ពេញទំហឹង បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសជើងឆ្វេងម្ខាងធ្ងន់ រួចបើករត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅខាងកើតបូរីអរគីដេប្រមាណជាង៣០ម៉ែត្រ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញរថយន្តកាមរីបាឡែន ពណ៌ស មួយគ្រឿងមិនចាំស្លាកលេខ បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃមកផ្លូវបេតុ គ្មានលេខ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O-8221ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសជើងឆ្វេងម្ខាងធ្ងន់ត្រូវបានរថយន្តសង្គ្រោះគ្លីនិកហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កមិនឈប់នៅនិងកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។ រីឯម៉ូតូជនរងគ្រោះខូចខាតផ្នែកខាងស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំសាច់ញាតិមកទទួលត្រឡប់យកទៅផ្ទះវិញ៕
មតិយោបល់