ភ្នំពេញៈ ដើម្បីបំពេញទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ លោក សាំ ពិសិដ្ឋ ប្រធានក្រុមការងារចុះជួយសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងជានាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ បានចុះពិនិត្យ និងដោះស្រាយផលប៉ះពាល់គម្រោងស្ថាបនាផ្លូវបេតុងអារមេ១ខ្សែ ប្រវែងជិត២គីឡូម៉ែត្រ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា កំណាត់ផ្លូវដែលក្រុមការងារចុះជួយសង្កាត់ចោមចៅ ពិនិត្យ និងដោះស្រាយផលប៉ះពាល់នៃគម្រោងស្ថាបនាផ្លូវបេតុងអារមេនេះ គឺធ្វើឡើងទៅតាមការទាមទារ និងការចង់បានរបស់ប្រជាពលរដ្ឋ ក្នុងភូមិខាងលើ ទើបក្រុមការងារចុះទៅពិនិត្យមើល និងដោះស្រាយជូនពួកគាត់ភ្លាមតែម្តង។
លោកបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវបេតុងអារមេនេះ ប្រវែង ១ ៨០៥ម៉ែត្រ ទទឹង៧ម៉ែត្រ ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ីដល់ចុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕
មតិយោបល់