ព័ត៌មានជាតិ

ជនសង្ស័យ ២ នាក់ គ្រាន់តែឆែកឃើញភ្លាម សមត្ថកិច្ចចាប់ចូលប៉ុស្តិ៍ភ្លែត

ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ដោយដកហូតម៉ូតូមួយគ្រឿង រួមទាំងថ្នាំញៀន១កញ្ចប់ ដែលការឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ កម្លាំងចម្រុះ បានចុះរឹតបណ្តឹងច្បាប់ចរាចរណ៏ផ្លូវគោក ត្រង់ចំណុចខាងលើ ក៏បានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ក៏មានការសង្ស័យទើបឲ្យឈប់ម៉ូតូ ដើម្បីត្រួតពិនិត្យ ក៏រកឃើញគ្រឿងញៀន១កញ្ចប់ រួចក៏ធ្វើការឃាត់ខ្លួនតែម្តង។

ជនសង្ស័យទាំង២ នាក់ ទី១ឈ្មោះលន់ មករា ភេទ ប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខផ្លូវលំភូមិព្រែកព្នៅ សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរ មិនពិតប្រាកដ និងទី២ឈ្មោះ ណែម មិនា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ចាត់អង្រេ ខណ្ឌមានជ័យ
មុខរបរមិនពិតប្រាកដ។

សម្ភារដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លាចំនួន ១កញ្ចាប់តូច និងម៉ូតូមួយគ្រឿង ម៉ាកស្មាក់ ពណ៌ក្រហម ពាក់ស្នាកលេខ ភ្នំពេញ1X-7681។

ក្រោយឃាត់ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្ត ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតីវិធី៕

មតិយោបល់