ព័ត៌មានជាតិ

តើនេះជាកំហុសនរណា? ប្តីស្រវឹងស្រាដណ្តើមកន្ត្រៃពីប្រពន្ធ ភ្លាត់ចាក់ត្រូវខ្លួនឯងស្លាប់ ចំណែកស្ត្រីជាប្រពន្ធត្រូវសមត្ថកិច្ចឃុំខ្លួន

ភ្នំពេញ: បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកបានស្លាប់ក្រោយពេលក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត។ ក្រោយពេលដែលគាត់ស្រវឹងស្រារួចមានទំនាស់គ្នាជាមួយប្រពន្ធហើយបានទាញកន្ត្រៃប្រុងចាក់ប្រពន្ធ។ ប៉ុន្តែត្រូវបានប្រពន្ធចាប់កាន់កន្ត្រៃនោះដែរ ពេលនោះក៏មានការដណ្ដើមគ្នាទាញទៅទាញមកក៏ត្រូវចុងកន្ត្រៃមុតចំដើមទ្រូងតែម្ដង។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

បុរសដែលស្លាប់ខាងលើនេះឈ្មោះ អៀង ជីវ៉ា អាយុ២៥ឆ្នាំ មុខរបរកម្មករនៅសិប្បកម្មផលិតនំបញ្ចុក ចំណែកប្រពន្ធឈ្មោះ អឿន គឹមអាន អាយុ២២ឆ្នាំ អ្នកទាំង២នាក់នេះ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះខាងលើបានស្រវឹងស្រាហើយបានមានទំនាស់គ្នាជាមួយប្រពន្ធ បន្ទាប់មកបានយកកន្ត្រៃក្នុងបំណងចាក់ទៅលើស្រ្តីជាប្រពន្ធ។ដោយមានការភ័យខ្លាចប្រពន្ធបានចូលទៅចាប់កាន់កន្ត្រៃមួយនោះដែរ ដោយនាងកាន់បានខាងដង រីឯប្ដីកាន់ខាងផ្លែ។ ខណ:នោះបានទាញដណ្ដើមគ្នាទៅវិញទៅមកស្រាប់តែភ្លាត់កន្រ្តៃបុកចំដើមទ្រូងបណ្ដាលឲ្យមុតដួលរងរបួសធ្ងន់ធ្ងរតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុបុរសរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្តោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព ខ្មែ សូវៀត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកទើបស្លាប់។បន្ទាប់មកក្រុមគ្រួសារបាននាំយកសាកសពត្រឡប់មកផ្ទះវិញហើយឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យលើ សពជុំវិញករណីស្លាប់ខាងលើនេះនិងប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ចំណែកស្ត្រីជាប្រពន្ធឈ្មោះ អឿន គីមអាន ត្រូវនគរបាលខណ្ឌដង្កោសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាកសួរបន្តរនៅសាលាដំបូងរាជធានីតាមនិតិវិធី៕

មតិយោបល់