ភ្នំពេញៈ ស្រ្តីម្នាក់ពិបាកចិត្តពេក បន្ទាប់ពីកូនប្រុសលង់ទឹកស្លាប់មិនបានធ្វើបុណ្យ៧ថ្ងៃផង ដោយសាររូបគាត់ពិបាកចិត្តពេកទើបផឹកស្រារហូតស្រវឹង រួចទៅអង្គុយលេងលើផ្លូវដែក ត្រូវបានរថភ្លើងVIPដឹកភ្ញៀវបរទេស បើកមកកិនដាច់ក្បាលពីដងខ្លួន អូសជិត១០០ម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែង។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវដែក ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជាប់ព្រំប្រទល់ជាមួយ ភូមិប៉ប្រកជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ហ៊ុន ណាវី អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះ២៥១ ក្រុម១៤ ភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីរងគ្រោះ មានកូនប្រុសម្នាក់ទើបតែស្លាប់ដោយសារលង់ទឹក ហើយត្រូវធ្វើបុណ្យគម្រប់៧ថ្ងៃនៅថ្ងៃស្អែកនេះហើយ ។ ប្រភពបន្តទៀតថា ក្រោយពីកូនស្លាប់ ជនរងគ្រោះចេះតែ ស្រង៉ូតស្រង៉ាត់ អារម្មណ៍ភាំងៗ មិនសូវនិយាយស្តី ខ្វាយខ្វល់អារម្មណ៍គិតតែពីកូន រហូតមកដល់រសៀលថ្ងៃនេះ សង្ស័យដោយសារភាពទុក្ខសោក សៅហ្មងក្នុងចិត្តពេក គេឃើញជនរងគ្រោះផឹកស្រា លុះស្រវឹងទៅអង្គុយលើផ្លូវដែក ដោយភ្លេចខ្លួន ម្យ៉ាងជនរងគ្រោះ កំពុងតែភាំងៗស្មារតីស្រាប់ផង ត្រូវបានរថភ្លើង ខ្សែVIP ដឹកអ្នកដំណើរ ជនបរទេស តម្រូវចូលព្រលានយន្តហោះពោធិ៍ចិនតុង ដែលបើកពីកើតទៅលិច កិនដាច់ក្បាលស្លាប់ភ្លាមៗគួរឲ្យរន្ធត់ ហើយអូសសាកសពប្រមាណជិត១០០ម៉ែត្រ ទើបរថភ្លើងឈប់ស្ងៀម ។
ក្រោយកើតហេតុករណីខាងលើ ត្រូវបានសមត្ថកិច្ចទាំង២ខណ្ឌដែលជាប់ព្រំប្រទល់គ្នាចុះទៅ សហការរួមគ្នា ដើម្បីចាត់ការទៅតាមនីតិវិធី ៕
មតិយោបល់